មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News បានផ្តល់វិញ្ញាបនបត្រដល់សិក្ខាកាមជាង៣០នាក់ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាព អំពីរបៀបសរសេរព័ត៌មាន ក្នុងរយៈពេល៣ខែមកនេះ

0

រាជធានីភ្នំពេញ៖ អង្គភាពព័ត៌មាន​ Fresh News បានផ្តល់វិញ្ញាបនបត្រដល់បុគ្គលិក ដែលជាសិក្ខាកាមជាង៣០នាក់ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ នូវវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាព អំពីរបៀបសរសេរព័ត៌មាន ក្នុងរយៈពេល៣ខែមកនេះ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC)។

ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាមទាំងជាង ៣០នាក់ បានធ្វើឡើងនៅថ្ងៃទី២២ ខែកមរាឆ្នាំ២០២២ ដែលបានរៀបចំឡើង នៅស្នាក់ការអង្គភាពព័ត៌មាន Fresh News ក្រោមអធិបតីភាព លោក លឹម ជាវត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News និងលោកគ្រូ ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន (FTC) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក សិក្ខាកាម និងភ្ញៀវកិត្តិយសមួយចំនួនទៀត ផងដែរ។

នៅក្នុងរយៈពេល៣ខែមកនេះ វគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មាន របស់ Fresh News បានបង្ហាត់បង្ហាញអំពី មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការសរសេរអត្ថបទដំណឹង ( Spot News), ការធ្វើបច្ចុប្បន្នភាពព័ត៌មាន (News update or News developing), ការសរសេរបទយកការណ៍ (News Feature) ការសរសេរទស្សនៈ អត្ថបទវិភាគ និងការសរសេរវិចារណកថា ជាដើម។

វគ្គបណ្តុះបណ្តាលក្នុងរយៈពេល៣ខែមកនេះ មានការបង្រៀនដោយផ្ទាល់ពី ប្រធានមជ្ឈមណ្ឌល «FTC» គឺលោកគ្រូ ម៉ារ យ៉ារិទ្ធ ដែលជាអ្នកជំនាញលើវិស័យព័ត៌មាន និងបានប្រឡូកក្នុងវិស័យសារព័ត៌មាន អស់រយៈពេលជាង ៣០ឆ្នាំមកហើយ។

លោកគ្រូ ម៉ារ យ៉ារិទ្ធ ដែលជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានរូបនេះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោកក៏បានចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំស្ថាប័នសារព័ត៌មានជាច្រើន រហូតអ្នកសារព័ត៌មានជាច្រើនបានផ្ដល់រហ័សនាមជូនលោកថា «អាត់ជួង» នៅកម្ពុជា ថែមទៀតផង៕