2អាហ្សង់ទីនយកឈ្នះអាល្លឺម៉ង់ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅទីបំផុតក្រុមតុងហ្គោអាហ្សង់ទីនអាចសងសឹកទៅលើក្រុមឥន្ទ្រីដែកអាល្លឺម៉ង់វិញបានហើយបន្ទាប់ពីពួកគេ បានប្រកួតឈ្នះក្នុងលទ្ធផល៤-២ សម្រាប់ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ។ ការប្រកួតលេងបាន២១នាទី ខ្សែប្រយុទ្ធរបស់ក្លិបមេឃខៀវ Man City គឺកីឡាករ Sergio Aguero (ស៊ើជីអូ អាឃ្វេរ៉ូ) ស៊ុតបញ្ចូលទីបានមួយគ្រាប់ជួយឲ្យអាហ្សង់ទីននាំមុខមុនក្នុងលទ្ធផល១-០ ការប្រកួតនៅសល់ ៥នាទីបញ្ចប់តង់ទី១ កីឡាករ mela រកបានមួយគ្រាប់ទៀតឲ្យអាហ្សង់ទីននាំមុខ២-០ ។
លុះការប្រកួតចូលដល់តង់ទី២បានតែ២នាទីប៉ុណ្ណោះ Federico Fernandez រកគ្រាប់ទី៣ឲ្យអាហ្សង់ទីន នៅនាទីទី៤៧ ចំណែកគ្រាប់ទី៤របស់អាហ្សង់ទីនគឺរកបានដោយកីឡាករចំណូលថ្មីរបស់ក្លិប Manchester United គឺ Angel Di Maria ។ ទោះបីជាយ៉ាងណាក៏ដោយ អាល្លឺម៉ង់ក៏អាចវាយបកបាន២គ្រាប់មកវិញផងដែរដោយថ្វីជើងរបស់កីឡាករ Andre Schuerrle (អាន់ដ្រេ ស្គើឡេ) នៅនាទី៥២ និងកីឡាករ Mario Goetze (ម៉ារីអូ ហ្គតហ្សេ) រកបាននៅនាទី ទី៧៨ ។ ចប់ការប្រកួតអាហ្សង់ទីនយកឈ្នះអាល្លឺម៉ង់ក្នុងលទ្ធផល៤-២ ។
គួរបញ្ជាក់ថា នេះជាការសងសឹករបស់អាហ្សង់ទីនបន្ទាប់ពីពួកគេបានប្រកួតចាញ់អាល្លឺម៉ង់ក្នុងលទ្ធផល១-០ កាលពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ៕