ប្រណាំងកង់៖ កីឡាករប្រណាំងកង់មកពីចក្រភពអង់គ្លេស Chris Froome ទទួលបានជោគជ័យបំផុតក្នុងការការពារតំណែងជើងឯករបស់ខ្លួនកម្មវិធីប្រណាំងកង់ Tour of Oman កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះនៅប្រទេសអូម៉ង់ ។ តែសម្រាប់ការប្រកួត នៅក្នុងដំណាក់កាលទី ៦ ចុងក្រោយដែលមានប្រវែងផ្លូវ ១៤៦.៥ គីឡូម៉ែត្រនេះកីឡាករអាល្លឺម៉ង់ Andre Greipel នោះទេជាអ្នកឈ្នះដែលបានប្រើពេលសរុប ៣ ម៉ោង ២៥នាទីនឹង ៤១ វិនាទី ខណៈដែលលេខ ២ កីឡាករបារាំង Nacer Bouchanni នៃក្រុម FDj ហើយលេខ ៣ នឹងលេខ ៤ បានទៅ Sam Benneth របស់អៀកឡង់ នឹង Alexander Krostoff សញ្ជាតិដែនម៉ាក់ ។
ក្រោយពីបានបញ្ចប់ ការប្រកួតទាំង ៦ ដំណាក់កាលនេះកីឡាករនៃក្រុម Team Sky, Chris Froome ធ្វើបានថេរវេលាល្អជាងគេដោយសរុប ២២ម៉ោង ០២នាទីនឹង ២៦ វិនាទី ពោលគឺបានយកឈ្នះត្រឹមតែ ២៦វិនាទី ប៉ុណ្ណោះទៅលើកីឡាករអាមេរិក Tejay van Garderen របស់ក្រុម BMC Racing Team នឹងលេខ ៣ កីឡាករកូឡុំប៊ី Uran ប្រើពេលយឺតជាង ៣១ វិនាទីផងដែរ ។
ជើងឯក Tour de France, Chris Froome រូបនេះបានថ្លែងក្រោយជាជើងឯកថា នេះជាជ័យជំនះដែលគេអាចធ្វើបាន គេបង្ហាញពីសមត្ថភាពដែលជាម្ចាស់ការពារជើងឯក គេរីករាយនឹងក្រុមរបស់គេក្នុងរដូវកាលនេះ ៕