អ្នកចាំទីសញ្ជាតិប៊ែលហ្ស៊ិក Thibaut Courtois (ធីបូ គូទ័រ) កំពុងតែត្រៀមខ្លួនបន្តកិច្ចសន្យាថ្មីជាមួយនឹង ក្លិបតោខៀវ Chelsea ។ Courtois ទើបតែនឹងវិលត្រឡប់មកកាន់ទឹកដី Stamford Bridge វិញនៅរដូវក្តៅនេះបន្ទាប់ពីចំណាយពេល ៣រដូវកាលចាំទីឲ្យក្លិបជើងឯកអេស្ប៉ាញ Atletico Madrid ហើយបច្ចុប្បន្នរូបគេបានក្លាយជាអ្នកចាំទីជម្រើសទី១របស់ Chelsea ក្រោមការដឹកនាំរបស់លោក Jose Mourinho ។
យោងតាមសារព័ត៌មាន Daily Mail បានផ្សព្វផ្សាយថា ការដណ្តើមបានតំណែងជម្រើសទី១ពីអ្នកចាំទី Peter Cech (ភីតធើ ឆេក) បានធ្វើឲ្យ Courtois (គូទ័រ) យល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Chelsea ។ ទោះបីជា Courtois នៅសល់កិច្ចសន្យារយៈពេល២ឆ្នាំទៀតជាមួយ Chelsea ក៏ដោយប៉ុន្តែក្លិបមានបំណងចង់ បន្តកិច្ចសន្យាថ្មីជាមួយអ្នកចាំទីរូបនេះដើម្បីឃាត់ទុករូបគេមិនឲ្យផ្លាស់ទៅកាន់ក្លិបផ្សេង ។
គួរបញ្ជាក់ថា ជាមួយគ្នានោះ Chelsea ក៏ទើបតែនឹងបន្តកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំជាមួយកីឡាករ Cesar Azpilicueta (សេសារ អាស្ពីលីឃ្យូអេតាដែរ ៕ ដោយផន សុខជាតិ