អាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាថ្មីនៅប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់អ្នកទេសចរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បាននឹងកំពុងរៀបចំវង់ទស្សនាថ្មី នៅលើប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនាទិដ្ឋភាពថ្ងៃលិច និងថ្ងៃរះនៅលើ ផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាតពីលើកំពូលភ្នំ។

លោក សេង សុធារ៉ា អនុប្រធានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ដើម្បីបញ្ជៀសការកកស្ទះ ការទស្សនាថ្ងៃលិច នៅលើប្រាសាទភ្នំបាខែង នាពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានកំពុងរៀបចំវង់ទស្សនាថ្មីមួយទៀតនៅលើប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់ភ្ញៀវទេសចរ ខណៈដែលការទស្សនានៅលលើប្រាសាទភ្នំបាខែងមានការកកស្ទះភ្ញៀវទេសចរ។

លោកបន្តទៀតថា នៅលើប្រាសាទភ្នំក្រោម មានទីកន្លែងនិងទេសភាពដ៏ស្រស់ស្អាត ដែលអាចឱ្យភ្ញៀវទេសចរ មកទស្សនាទិដ្ឋភាពទាំងមូលរបស់ក្រុងសៀមរាប ទស្សនាថ្ងៃរៀបលិច និងថ្ងៃរះនិងផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាត។ លោកបានបន្ដថា រមណីយដ្ឋានអង្គរ មានប្រាង្គប្រាសាទបុរាណ និងទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែង ប៉ុន្តែនៅពេលភ្ញៀវទេសចរ មកទស្សនាថ្ងៃលិចពួកគាត់ ពិតជានឹកឃើញដល់ប្រាសាទភ្នំបាខែង ដែលជាកន្លែងគយគនថ្ងៃលិចដ៏ល្បីល្បាញផងដែរ។

សូមជម្រាបផងដែរថា ភ្នំក្រោមជាកូនភ្នំមួយមានកំពស់ប្រមាណ ១៤០ម៉ែត្រ មានចំងាយប្រហែល ១២គីឡូម៉ែត្រពីក្រុងសៀមរាប។ នៅលើភ្នំនេះ មានប្រាសាទមួយឈ្មោះថា ប្រាសាទភ្នំក្រោម ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ (ចន្លោះឆ្នាំ៨៨៩-៩១៥) ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និងព្រះព្រហ្ម៕