ចូលឆ្នាំចិនវៀតណាម ឆ្នាំ២០២២ ជាសញ្ញាភ្លើងខៀវនៃការបើកទ្វារទេសចរណ៍សៀមរាបអង្គរ

សៀមរាប ៖ តាមការឲ្យដឹងមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃសែនចូលឆ្នាំចិនវៀតណាម ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរ ១ម៉ឺន៤ពាន់នាក់ ច្រើនលើស៤ថ្ងៃ នៃថ្ងៃចូលឆ្នាំ២០២១កន្លងមក ដែលលទ្ធផលនេះ អាចនិយាយបានថា វិស័យទេសចរណ៍កម្ពុជា កំពុងដកខ្លួនឲ្យនៅ ឆ្ងាយពីកូវីដ-១៩ ក្រោមយុទ្ធសាស្រ្តគន្លឹះ ចាក់វ៉ាក់សាំង និងអនុវត្តវិធានសុវត្តិភាព ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល។

បើយោងតាមសេចក្តីរាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប នាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ សម្រាប់តួរលេខថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ថ្ងៃសែនកុងម៉ាចូលឆ្នាំចិន-វៀតណាម ឆ្នាំខាល ស្តីអំពីស្ថានភាពភ្ញៀវទេសចរដើរកំសាន្ត មានប្រមាណជា ១ម៉ឺន៤ពាន់នាក់ ក្នុងនោះមកពីបណ្តាខេត្ត-រាជធានី មានប្រមាណពី ៣០ ទៅ ៣៥% ធ្វើដំណើរកំសាន្ត ជាលក្ខណៈគ្រួសារ ទៅកាន់រមណីយដ្ឋានអង្គរ ឧទ្យានជាតិភ្នំគូលេន និងសហគមន៍-តំបន់អេកូទេសចរណ៍ផ្សេងៗទៀតផងដែរ។ ក្នុងចំនួននេះ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៥១១នាក់។ យ៉ាងណាក៏ដោយ អង្គរវត្ត នៅតែជាគោលដៅដ៏ទាក់ទាញបំផុត នៃដំណើរកំសាន្តទាំងនោះ គឺទទួលភ្ញៀវបានចំនួន ៨ពាន់នាក់ ខណៈដែលភ្នំគូលែនទទួលបានជិត ៣ពាន់នាក់ សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ផ្សេងៗ ទទួលបានជាង ៣ពាន់នាក់។

សេចក្តីលំអិតនៅក្នុងសេចក្តីរាយកាណ៍នេះ បានបញ្ជាក់ថា ក្នុងចំណោមនៃចំនួនភ្ញៀវទេសចរខាងលើ មានភ្ញៀវចំនួន ១២៥នាក់ ដែលបានចូលមកកំសាន្តខេត្តសៀមរាប តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវបានត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង និងឆ្លងកាត់ការធ្វើតេស្តរហ័ស បង្ការកូវីដ១៩ លទ្ធផលអវិជ្ជមានទាំងអស់។ នៅក្នុងសេចក្តីរាយការណ៍នេះ ពុំទាន់បានបញ្ជេញឲ្យដឹងនៅឡើយទេ អំពីតួលេខភ្ញៀវដើរកំសាន្តសម្រាប់ពីរថ្ងៃបន្ទាប់ទៀត ដែលគេសង្ឃឹមថា តួរលេខរយៈពេល២ថ្ងៃបន្ទាប់នេះ នឹងហក់ឡើងយ៉ាងខ្លាំង ព្រោះជាថ្ងៃប្រពៃណី សម្រាប់ការដើរលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។

គួររំលឹកថា ឆ្នាំកន្លងទៅគឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ សេចក្តីរាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ចេញឲ្យដឹងថា រយៈពេល០៤ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ កុម្ភះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបជិត ១ម៉ឺន២ពាន់នាក់ ក្នុងនេះភ្ញៀវផ្ទៃក្នុងបរទេស មានជិត ២ពាន់នាក់ប៉ុណ្ណោះ៕