អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ជូនយោធិន គ្រួសារយោធិន និងសមាជិកអតីតយុទ្ធជនជិត ២ពាន់នាក់ ដើម្បីការពារជំងឺកូវីដ-១៩

0

ខេត្តស្ទឹងត្រែង៖ យោធិន គ្រួសារយោធិន និងសមាជិកអតីតយុទ្ធជនជិត ២ពាន់នាក់ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង រួមទាំងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៧០១ បាននិងកំពុងទទួលបានការយកចិត្តទុកដាក់ និងគិតគូខ្ពស់ពីសុខមាលភាព ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ កងទ័ពជើងគោក អគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ និងយោធភូមិភាគទី១ ក្នុងការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ (Pfizer) ដើម្បីការពារជំងឺកូវីដ-១៩ (អូមីក្រុង) ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

ដើម្បីឆ្លើយតប និងអនុវត្តទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាព នៅក្នុងរយៈពេល ៣ថ្ងៃនេះ អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ដែលយុទ្ធនាការនោះ បានចាប់ដំណើរការកាលពីថ្ងៃទី១៥កុម្ភះ ម្សិលមិញ។

នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ នេះទៀត មេបញ្ជាការរងតំបន់ប្រតិ ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ដារ៉ាសិទ្ធ ដែលជាប្រធានក្រុមការងារចាក់វ៉ាក់សាំងតំបន់ប្រតិបត្តិការសឹក បានអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ផងដែរ។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ដារ៉ាសិទ្ធ បានថ្លែងឲ្យដឹង នៅក្នុងថ្ងៃ១៦កុម្ភះនេះថា ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដែលបានប្រព្រឹត្តិឡើងនាពេលនេះ គឺជាការគិតគូប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់យោធិន គ្រួសារយោធិន សមាជិកអតីតយុទ្ធជន និងកងកម្លាំងនគរបាលការពារព្រំដែនគោក ដើម្បីធានាឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំង នឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ (អូមីក្រុង) ជាពិសេស វ៉ាក់សាំងនេះ អាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ និងមិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ដារ៉ាសិទ្ធ បានថ្លែងទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងមាន ៣ដំណាក់កាល ដោយទី១ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥កុម្ភះ ដល់ថ្ងៃទី១៧កុម្ភះឆ្នាំ២០២២ សម្រាប់យោធិន ,ទី២ សម្រាប់គ្រួសារយោធិន និងទី៣ សម្រាប់សមាជិកអតីតយុទ្ធជន និងកងកម្លាំងនគរបាលការពារព្រំដែនគោក​ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ នូវ ៣ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅក្នុងបរិវេណគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និង២ទីតាំងទៀត នៅអង្គភាពជួរមុខ គឺ១.នៅទីបញ្ជាការកងអនុសេនាធំទី២ ផ្នែកសឹករងសៀមប៉ាង និង២.នៅទីបញ្ជាការវរសេនាតូចលេខ២ ចំណុះតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

លោកឧត្តមសេនីយ៍មេបញ្ជាការរង បានបញ្ជាក់ថា ចំនួនដូសដែលត្រូវចាក់ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានចំនួន ១៨៧៨ដូស និងនៅក្នុងដំណើរការចាក់វ៉ាក់សាំងរយៈពេលនេះ គឺចាក់បាន ៥៨៨ដូសហើយ។

លោកឧត្តមសេនីយ៍ បានក្រើនរំលឹកដល់យោធិន គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជនទាំងអស់ ឲ្យប្រញាប់រូតរះមកទទួលយកការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទៅតាមផែនការថ្នាក់លើកំណត់ និងត្រូវរួមគ្នាអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នូវវិធានការ៣កុំ ៣ការពារ ក៏ដូចសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេស ជំងឺអូមីក្រុង៕ ដោយ៖ឡុង សំបូរ