​កីឡាករ Siem de Jong របស់ Newcastle នឹង​អវត្តមាន​រហូតដល់​៤​ខែ​ដោយសារ​របួស​ក្រលៀន​

0

​ខ្សែបម្រើ​ក្លិប​សារិការ​ព្រៃ Newcastle United កីឡាករ Siem de Jong កំពុងតែ​ប្រឈមមុខ​នឹង​ការ​អវត្តមាន រយៈពេល​៤​ខែ​ដោយសារតែ​បញ្ហា​របួស​ក្រលៀន​ធ្ងន់ធ្ងរ ។​ ​យោងតាម​គេហទំព័រ The Mirror បាន​ផ្សព្វផ្សាយ​ថា កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ត្រូវបាន Newcastle ទិញ​ពី Ajax ក្នុងតម្លៃ​៥​លាន​ផោន​ហើយ​រូបគេ​បាន​រងរបួស​ក្រលៀន​ក្នុងអំឡុង​ពេលធ្វើការ​ហ្វឹកហាត់ ។​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប​សារិការ​ព្រៃ​នៅ​មិនទាន់​អះអាង​ឲ្យ​បាន​ពិតប្រាកដ​ពី​រយៈពេល​នៃ​ការ សម្រាក​ព្យាបាល​របស់​កីឡាករ de Jong នោះទេ ។​ ​

គួរ​បញ្ជាក់ថា ការបាត់បង់​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​បាន​ចោទ​ជា​បញ្ហា​ថ្មី​មួយទៀត​ដល់ គ្រូបង្វឹក Newcastle លោក Alan Pardew បន្ទាប់ពី​រូបគាត់​ខកខាន​ទិញ​មិនបាន​ខ្សែប្រយុទ្ធ Loic Remy ពី​ក្លិប Queens Park Rangers ៕ដោយផន សុខជាតិ