ខេត្តព្រះវិហារ៖ បេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត លោក ហ៊ុន ម៉ាណែត ដែលជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សសង្កាត់ប៉ាលហាល ដែលសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់អស់ជាង ១៥៥លានរៀល ស្ថិតនៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មកនេះ។
ប្រធានគណកម្មាធិការបក្សខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងដោយមានការដឹកនាំដោយផ្ទាល់ និងយ៉ាងសកម្មពីសំណាក់ ប្រធានក្រុមការងារគណបក្សចុះជួយខេត្តព្រះវិហារ លោក មាស សុភា និងមានការចូលរួមពីក្រុមការងារគ្រប់លំដាប់ថ្នាក់ផងនោះ សម្រេចបានអគារសាងសង់អំពីថ្មយ៉ាងរឹងមាំ ដូចជា អគារស្នាក់ការគណបក្សខេត្ត គណបក្សក្រុង-ស្រុកទាំង៨។ ចំណែក ឯអគារស្នាក់ការឃុំ-សង្កាត់ទាំង៥១ ទូទាំងខេត្ត និងកាលពីមុន បានសាងសង់អំពីឈើប្រក់ស័ង្កសី និងប្រក់ស៊ីប្រូស៊ីមង្គត៍នោះ ឥឡូវនេះយើងបានសាងសង់អំពីថ្មរឹងមាំ បានចំនួន ២២ឃុំ-សង្កាត់រួចរាល់ហើយ នៅសល់២៩ឃុំ-សង្កាត់ទៀត កំពុងដំណើរសាងសង់ជាបន្តបន្ទាប់។
លោក ប្រាក់ សុវណ្ណ បានបន្តថា អគារស្នាក់ការបក្សសង្កាត់ប៉ាលហាល ដែលដាក់ឲ្យសម្ភោធនាពេលនេះ ត្រូវបានសាងសង់រួចរាល់នៅថ្ងៃទី២១សីហាឆ្នាំ២០២១ ដោយចំណាយរយៈពេល ៥ខែ និងការចំណាយថវិកាសរុប ១៥៥លាន ១៨៨ពាន់ ៨០០រៀល ដែលបានមកពីការចូលរួមដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ,ក្រុមការងារគណបក្ស និងសប្បុរសជននានាជាច្រើនទៀតផងដែរ។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃ និងបទពិសោធន៍ដ៏លើសលប់ក្នុងការដឹកនាំប្រទេស ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជន និងមាតុភូមិកម្ពុជា ដោយប្រកាន់យកគោលការណ៍គុណធម៌ សច្ចធម៌ និងការសង្គ្រោះជីវិតប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បង និងចាំបាច់បំផុត ។ លោកថា សក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចស្រោចស្រពវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីធ្វើជាខែល និងជាអាវក្រោះដ៏រឹងមាំសម្រាប់ការពារអាយុជីវិត ពីជំងឺដ៏កាចសាហាវនេះ ។
លោក ហ៊ុន ម៉ាណែត បានបន្តថា ប្រសិនបើ សម្តេចតេជោ មិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណា វិនិច្ឆ័យ ក្នុងការអារកាត់បានរហ័សទាន់ពេលវេលាទេនោះ គឺវិនាសកម្មនឹងមានសភាពធំធេង និងច្រើនលើលលប់ពីអ្វីដែលបានកើតទ្បើង ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺខណៈពេលដែលគណបក្សប្រជាជនកម្ពុជា កំពុងតែមមាញឹកក្នុងការសង្រ្គោះជីវិតប្រជាពលរដ្ឋពីមាត់មច្ចុរាជកូវីដ-១៩ ផ្ទុយទៅវិញ គណបក្សមួយចំនួនទៀត បានយកឱកាសធ្វើការឃោសនាអុចអាល ព្យាយាមរកលេសក្នុងការចោទ រាជរដ្ឋាភិបាលកម្ពុជា តាមគ្រប់រូបភាព ហើយគ្រប់ទង្វើរបស់ពួកគេ គឺគ្មានសកម្មភាពណាមួយដែលជួយដល់ប្រជាជន និងប្រទេសជាតិឡើយ ក្រៅតែពីការទទូចសុំឱ្យមានការដាក់ទណ្ឌកម្មមកលើប្រទេសជាតិ ដើម្បីតែនឹងបង្កទុក្ខវេទនា និងការលំបាកដល់ប្រជាជន ដោយឥតស្រាកស្រាន្ដ ។
លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ បន្តកិច្ចការងារបម្រើជាតិ និងប្រជាជន ហើយសូមជឿទុកចិត្ត និងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាព នៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យ សើ្មមុខស្មើមាត់ ជាមួយគ្រប់បណ្តាប្រទេស លើឆាកអន្តរជាតិ៕ដោយ៖ឡុង សំបូរ