ខេត្តឧត្តរមានជ័យ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់កងទ័ពទាំងអស់ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ត្រូវមានភាពស្មោះត្រង់ដាច់ខាត ចំពោះជាតិសាសនា ព្រះមហាក្សត្រ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់បំផុត នូវរាល់បទបញ្ជារបស់ រាជរដ្ឋាភិបាល ដែលបានប្រគល់ជូន។
ការថ្លែងបែបនេះរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់ កងពលតូចអន្តរាគមន៍លេខ៦ នៅក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាកងទ័ព«សូមរក្សាភាពស្មោះត្រង់ ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ជារបស់ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ,ត្រូវបន្តយកចិត្តទុកដាក់ស្វែងយល់ អំពីសភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងយកអស់កម្លាំងកាយចិត្ត ហ្វឹកហាត់គ្រប់ជំនាញជាដើម»។
លោកឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវដល់កងទ័ពទាំងអស់ សូមបន្តសហការល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្ត តួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តអំពាវនាវ ឲ្យកងទ័ពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ គ្រាដែលពួកគាត់រងគ្រោះ ដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានលឿនបំផុត ដើម្បីឱ្យស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ដែលហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ មាតុភូមិ នៃយើង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ពីការរីកចម្រើនជាលំដាប់ ដែលស្តែងឡើងតាមរយៈការសម្រេចបាន នូវការកសាងសមិទ្ធផលជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត៕