ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ ក្រើនរំលឹកសមាជិកសមាជិការបក្សប្រជាជនទាំងអស់ ត្រូវរួមសាមគ្គីគ្នាឲ្យបានរឹងមាំ ខិតខំធ្វើអំពើល្អជាមួយប្រជាជន និងប្រជាជនត្រូវនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា

0

ខេត្តព្រះវិហារ៖ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជន​ ១ខ្នង ដែលជាសមិទ្ធផលថ្មី បានចំណាយទឹកប្រាក់អស់ប្រមាណ ១១៥លានរៀល គ្រាដែលលោកបានអញ្ជើញជាគណៈអធិបតី កាលពីថ្ងៃទី២៧កុម្ភះឆ្នាំ២០២២ ស្ថិតនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

នៅក្នុងពិធីសម្ភោធអគារស្នាក់ការគណបក្សប្រជាជន​ ១ខ្នងនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ ,លោក សួស សុខដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកគូលែន រួមទាំងក្រុមការងារថ្នាក់កណ្តាល​ចុះជួយខេត្ត ស្រុក​​ ឃុំ​ ,គណៈកម្មាធិការគណបក្ស​ខេត្ត​ ស្រុក​ ឃុំ​ និងក្រុមការងារ​យុវជនគណបក្សខេត្ត ស្រុក ឃុំ ដ៏ច្រើនកុះករ។

ប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយស្រុកគូលែន​ លោក សួស សុខដារ៉ា បានរាយការណ៍ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ១ខ្នងនេះ ពីមុនមក គឺជាអគារចាស់ទ្រុឌទ្រោម។ ប៉ុន្តែ ឥឡូវត្រូវបានកសាងឡើងជាថ្មី នៅក្នុងទំហំ ៩ម×៧ម ធ្វើពីថ្ម ដំបូលប្រក់ក្បឿង ក្រាលការ៉ូ និងបានចំណាយថវិកាអស់ចំនួន ១១៥លានរៀល ។ លោកបានបញ្ជាក់ថា ថវិកាដែលយកមកសាងសង់អគារស្នាក់ការបក្ស១ខ្នងនេះ បានមកពីការឧបត្ថម្ភរបស់ លោកទេសរដ្ឋមន្ត្រី មាស សុភា ដែលជាប្រធាន​ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះវិហារ ក្រុមការងារបក្សខេត្ត ស្រុក ឃុំ និងថវិកាមួយចំនួនទៀត បានមកពីការចូលរួមឧបត្ថម្ភគាំទ្រ ពីសប្បុរសជននានា ក្នុងគោលបំណងផ្តល់ភាពងាយស្រួល ក្នុងការមកបំពេញកិច្ចការងារបក្ស ឲ្យបានសមរម្យ សក្តិសមជាបក្សដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។

ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ​ លោក ប្រាក់ សុវណ្ណ បានថ្លែងថា អគារស្នាក់ការបក្ស ដែលសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងថ្ងៃនេះ គឺជាមទ្ធិផលថ្មីមួយបន្ថែមទៀត ក្នុងចំណោមសមទ្ធិផលនានាជាច្រើន ដែលបាននិងកំពុងកើតឡើងជាបន្តបន្ទាប់ ដែលនេះគឺជាយុទ្ធសាស្ត្រ និងទិសដៅរបស់ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ដែលបានដាក់ចេញនូវទិសដៅ ពន្លឿនលើការសាងសង់អគារទីស្នាក់ការគណបក្ស ឱ្យបានគ្រប់ឃុំ-សង្កាត់ទាំង៥១ នៅទូទាំងខេត្តព្រះវិហារ។

លោក ប្រាក់ សុវណ្ណ បានថ្លែង ចាត់ទុកពាក្យ «អរគុណ សន្តិភាព» គឺជាពាក្យពេចន៍មួយ ប្រកបដោយអត្ថន័យដ៏ទូលំទូលាយ និងមិនអាចកាត់ថ្លៃបាន ចំពោះជាតិ និងប្រជាជនម្ពុជា។ ដូច្នេះ មានសន្តិភាព ទើបមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស ការរីកដុះដាលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងសមិទ្ធផលនានាជាច្រើនទៀត នៅទូទាំងប្រទេស ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ និងការជួយបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។

ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា​ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានបក្សប្រជាជន រួមជាមួយនឹងឥស្សរជនបក្សទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាកត្តាអាទិភាពខ្ពស់បំផុត ដូចជាការស្តែងឡើងតាមរយៈគំរូវីរភាព នៅក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា មានជាអាទិ៍ ការយកអាយុជីវិតធ្វើជាដើមទុន ក្នុងការរំដោះប្រទេស និងប្រជាជន ពីការសម្លាប់រង្គាលរបស់របបប៉ុលពត ការប្តូរជីវិតចូលក្នុងតំបន់ឧទ្ទាម ដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ និងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅចុងឆ្នាំ១៩៨៩ ហើយកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់គ្រាបច្ចុប្បន្ន។

លោកទេសរដ្ឋមន្ត្រី មាស សុភា​ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសុខសន្តិភាព នូវពេញផ្ទៃប្រទេសនោះមក សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនបក្សប្រជាជន បានសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយណាមួយទ្បើយ ដែលផ្ទុយពីអ្នកនយោបាយជ្រុលនិយមមួយចំនួន តែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះ ដើម្បីកេងចំណេញមហិច្ឆិតានយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់របស់ប្រជាពលរដ្ឋនោះឡើយ។

លោក មាស សុភា បានផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សទាំងអស់ ត្រូវរួមកម្លាំងសាមគ្គីគ្នាឲ្យបានរឹងមាំ ចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ត្រូវកសាងអំពើល្អជាមួយប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលនានា ជាប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង និងលោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវចូលរួមថែរក្សាសុខសន្តិភាព ឲ្យគង់វង្សគង់វង្ស ដើម្បីឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណា ដែលមានគំនិតចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ ហើយក៏កុំភ្លេចនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីឈានទៅដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ និងដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំក្នុង២០២៣ខាងមុខនេះ ឲ្យខាងតែបានដាច់ខាត៕ដោយ៖ឡុង សំបូរ