ខេត្តព្រះវិហារ៖ ឈើឈ្លីកនិងសុក្រមចំនួន ២៥កំណាត់ ដែលមានចំនួនស្មើនឹងជាង ៤ម៉ែត្រគូបត្រីគុណ ដែលក្រុមឈ្មួញបានកាប់ផ្តួល អារ ពុះ ជ្រៀក និងដឹកជញ្ជូនពីដែនព្រៃការពារ យកមកស្តុកទុកត្រៀមដឹកចេញយកទៅធ្វើជំនួញនោះ ត្រូវបានកម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះបង្ក្រាបនិងរឹបអូសបាន កាលពីរសៀលថ្ងៃទី២៦កុម្ភះឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រ ភូមិសួង ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។
មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃព្រះរការ បានឲ្យដឹងថា ការចុះបង្ក្រាបឈើជ្រុងអារទាំងនោះ គឺបានធ្វើឡើងក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានឈ្មួញមួយក្រុមបានដឹកជញ្ជូនឈើរាប់សិបកំណាត់ យកមកស្តុកទុកនៅក្នុងព្រៃមួយកន្លែង ដើម្បីត្រៀមដឹកចេញយកទៅលក់នៅក្រៅខេត្តនោះមក ក្រុមមន្ត្រីការពារព្រៃឈើ បានចុះទៅដល់ទីតាំងសន្និធិឈើខុសច្បាប់នោះ និងបានរឹបអូសយកមករក្សាទុក នៅស្នាក់ការបរិស្ថានសង្កែ ដែលស្ថិតនៅក្នុងស្រុកឆែប។
មន្ត្រីដដែលបានបញ្ជាក់ថា ឈើដែលក្រុមមន្ត្រីឧទ្យានុរក្សរឹបអូសបាននៅពេលនោះ មាន២ប្រភេទ គឺប្រភេទឈើឈ្លីក និងឈើសុក្រម មានចំនួន ២៥កំណាត់ ស្មើនឹងជាង ៤ម៉ែត្រគូបត្រីគុណ។ ហើយឈើទាំងនោះ គ្មានម្ចាស់នោះទេ ត្រូវបានគេប្រទះឃើញ ដឹកយកមកលាក់ទុក អាចនឹងរង់ចាំឱកាសល្អ ដើម្បីដឹកជញ្ជូនយកទៅលក់បន្ត នៅក្រៅរង្វង់ដែនដីខេត្ត។ តែទោះជាយ៉ាងណា ក៏ឈើទាំងនោះ ត្រូវបានរឹបអូសយកមកទុកជាសម្បត្តិរដ្ឋហើយដែរ៕ដោយ៖ឡុង សំបូរ