អភិបាលស្រុកឆែប នៃខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះជួយជួសជុលផ្ទះ ជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

0

ខេត្តព្រះវិហារ៖ អភិបាលស្រុកឆែប លោក សុខ សានតារា ដែលជាប្រធាន គណៈកម្មាការបក្សប្រជាជនស្រុកឆែប បានដឹកនាំក្រុមការងារយុវជនបក្សស្រុក-ឃុំ ចុះជួយជួសជុលផ្ទះជូនពលរដ្ឋក្រីក្រ និងការចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជាច្រើនគ្រួសារ នៅក្នុងភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧កុម្ភះឆ្នាំ២០២២។

អំណោយដែលបាននាំមកផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ៥គ្រួសារ នាពេលនោះ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៨ម៉ឺនរៀល និងបានជួយជួសជុលផ្ទះ ១ខ្នង ទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ៥ម៉ែត្រ ធ្វើអំពីឈើ ដំបូងប្រកស័ង្កសី ជូនគ្រួសារក្រីក្រ ១គ្រួសារ មានវ័យ៧០ឆ្នាំ និងមានកូន ៥នាក់នៅក្នុងបន្ទុក និងថវិកាដែលត្រូវចំណាយ មានចំនួនសរុប ១លាន ៣សែន ៩ម៉ឺនរៀល។

លោក សុខ សានតារា បានថ្លែងថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃយុវជនគណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ និងគិតគូរ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា ដោយមិនមានប្រកាន់និន្នាការនយោបាយអ្វីសោះឡើយ។ លោកថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនបក្ស បានលះបង់គ្រប់បែបយ៉ាង ដោយបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព នាំមកជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

លោក សុខ សានតារា បានបញ្ជាក់ថា ទោះស្ថិតក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នា ត្រូវតែថែរក្សាការពារ «សុខសន្តិភាព» ដែលរកបានមកដោយកម្រនេះ ឲ្យបានជាដាច់ខាត ហើយបើគ្មានគណបក្សប្រជាជនកម្ពុជា នោះទេ នោះគ្មានឡើយ (សន្តិភាព) និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ចំណែក ប្រជាពលរដ្ឋ ក៏គ្មានសិទ្ធសេរីភាពក្នុងការរស់នៅ និងការប្រកបមុខរបរផ្សេងៗទៀត បានដូចសព្វថ្ងៃនេះដែរ។

លោក សុខ សានតារា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យខិតខំថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស និងក៏មិនត្រូវជឿតាមការញុះញង់ បោកបញ្ឆោតពីក្រុមប្រឆាំងក្រៅច្បាប់ ដែលមានមហិច្ឆតា ចង់បំផ្លាញសុខសន្តិភាពនៅកកម្ពុជា។

លោកអភិបាលស្រុកឆែប បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានការឆ្លងជំងឺកូវីដ-១៩ អូមីក្រុង៕ដោយ៖ឡុង សំបូរ