ខេត្តព្រះវិហារ៖ ក្រុមមន្ត្រីព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានប្រើកណ្តាប់ដៃដែក ចេញបង្ក្រាបនិងចាប់រថយន្តសាំយ៉ុងដឹកឈើ ១គ្រឿង របស់មេឈ្មួញជើងខ្លាំង ចាស់វស្សា និងមានខ្នងបង្អែកក្រាស់ម្នាក់ ប្រចាំស្រុករវៀង កាលពីយប់ថ្ងៃទី៣មិនាឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចំណុចបុស្សសៀម ស្ថិតនៅក្នុងភូមត្រពាំងផ្ចឹក ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តសាំយ៉ុងដែលរងការបង្ក្រាប ពីកម្លាំងរដ្ឋបាលព្រៃឈើរវៀងនាពេលនោះ ជារបស់មេឈ្មួញចាស់វស្សម្នាក់ ឈ្មោះ ខ្លា ដែលជាឈ្មួញឈើជើងខ្លាំងប្រចាំស្រុករវៀង។ ហើយឈ្មួញរូបនេះ បានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសដឹកឈើ ចេញពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ បានយ៉ាងរលូនស្ទើរគ្មានពេលលោះនោះ ត្រូវគេសង្ស័យថា មានមន្ត្រីដែលមានឋានន្តរស័ក្តិធំ លំដាប់ផ្កាយម្នាក់ក្នុងខេត្ត ធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំ ឈរនៅពីក្រោយ នៃការដឹកជញ្ជូនបទល្មើសព្រៃឈើនោះ។
សេចក្តីរាយការណ៍ដដែល បានឲ្យដឹងទៀតថា រថយន្តដែលរងការបង្ក្រាបនោះ ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-4867 ដែលមានម្ចាស់ឈ្មោះ ខ្លា តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីស្រុករវៀង ខេត្តព្រះវិហារ ឆ្លងព្រំប្រទល់ខេត្តពីរ ចូលទៅខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២ ស្ទើរជារៀងរាល់យប់។
ស្របពេលជាមួយគ្នានោះ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀង បានបង្ហើបឲ្យដឹងថា ក្រោយការបញ្ជូនរថយន្តដឹកឈើនោះ មកកាន់ស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ក៏ស្រាប់តែមានអ្នកអន្តរាគមន៍ ដោះលែងរថយន្តដឹកឈើនោះ ជាច្រើនលើកច្រើនសារ។ ប៉ុន្តែ ជំនាញរដ្ឋបាលព្រៃឈើមិនយល់ព្រមនោះទេ។ លោកថា ការអន្តរាគមន៍ដោះលែង រាល់ការបង្ក្រាបបទល្មើសព្រៃឈើនោះ បានធ្វើឲ្យមន្ត្រីជំនាញព្រៃឈើ បាក់ទឹកចិត្តនៅក្នុងការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ។ មន្ត្រីជំនាញ បានស្នើឲ្យបញ្ឈប់វប្បធម៌អន្តរាគមន៍នោះ ហើយងាកមករួមគ្នាការពារធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយនេះ ឲ្យបានគង់វង្ស។
សេចក្តីរាយការខាងលើ បានឲ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនឈើនោះ ក្រៅពីមេឈ្មួញឈ្មោះខ្លា ក៏នៅមេឈ្មួញជាច្រើនទៀត តែបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ដូចជា មេឈ្មួញឈ្មោះ ព្រុំ វុទ្ធី ហៅ ធីម្រេច ,មេឈ្មួញឈ្មោះ តុលា មេឈ្មួញឈ្មោះ ចាន់ណា និងមេឈ្មួញជាច្រើនទៀត មេឈ្មួញទាំងនេះ ត្រូវគេដឹងថា គឺជាមេឈ្មួញចាស់វស្សា និងមិនត្រូវបានបង្ក្រាបរាល់ការដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ និងខេត្តសៀមរាប ម្តងណាឡើយ។
អ្នកឃ្លាំមើលពីមហន្តរាយព្រៃឈើ ដែលរងការវិនាស ក្រោមស្នាដៃឈ្មួញទាំងនោះ បានស្នើដល់ថ្នាក់ដឹកនាំខេត្ត ពិសេស អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ មេត្តារឹតបន្តឹង និងដាក់វិធានការបង្ក្រាបបទល្មើស ដឹកជញ្ជូនផល-អនុផលព្រៃឈើទាំងនោះ ឲ្យបានតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការបាត់បង់ធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយនេះ ដោយអនុវត្តទៅតាមគោលការណ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលដាក់ចុះនាពេលកន្លងមក ឲ្យមានប្រសិទ្ធភាព៕ដោយ៖ឡុង សំបូរ