ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់បានបើកទ្វាផ្ទះរបស់ខ្លួនដោយបានប្រកួតយកឈ្នះលើក្រុមតោក្រហមស្កុតឡែន ក្នុងលទ្ធផល២-១សម្រាប់ការប្រកួតយុទ្ធនាការវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០១៦នៅក្នុងពូល D ។ ការប្រកួតលេងបាន១៨នាទីនៅតង់ទី១ កីឡាករ Thomas Mueller (ថូម៉ាស មូលើ) ស៊ុតបំប៉ោងសំណាញ់ទី១ គ្រាប់ជួយឲ្យម្ចាស់ផ្ទះនាំមុខមុន១-០ ។
លទ្ធផលនេះបានរក្សារហូតដល់បញ្ចប់តង់ទី១ដោយអាល្លឺម៉ង់នាំមុខស្កុតឡែន បណ្តោះអាសន្ន១-០ ។ លុះការប្រកួតចូលតង់ទី២ នៅនាទីទី៦៦ ក្រុមភ្ញៀវស្កុតឡែនតាមបានស្មើវិញដោយថ្វីជើងរបស់កីឡាករ Ikechi Anya (អ៊ីកេឈី អានីយ៉ា) ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតមិនទាន់បាន៤នាទីស្រួលបួលផង កីឡាករ Thomas Mueller (ថូម៉ាស មូលើ) ដដែលស៊ុតគ្រាប់ទី២ឲ្យអាល្លឺម៉ង់ឈ្នះស្កុតឡែន២-១ ។ គួរបញ្ជាក់ថា ការប្រកួតពីរគូផ្សេងទៀតនៅក្នុងពូលDដដែលនេះ គឺក្រុម ប៉ូឡូញបានបំបាក់ម្ចាស់ផ្ទះ ហ្គីលប្រាល់តា ៧-០ ចំណែក ហ្សកហ្ស៊ី ប្រកួតចាញ់ភ្ញៀវ អៀរឡង់ ក្នុងលទ្ធផល ២-១ ៕ដោយផន សុខជាតិ







































