ព្រះរាជអាជ្ញាខេត្តព្រះវិហារ កំពុងបើកការស៊ើបអង្កេត ដើម្បីស្វែងការរកឃាត់ខ្លួនជនសង្ស័យជាមេក្លោង ដែលបាននាំយករថយន្តគេចពន្ធឆ្លងដែន ពីកម្ពុជា ចូលទៅក្នុងប្រទេសឡាវ ដោយខុសច្បាប់

0

ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងឲ្យដឹងនៅថ្ងៃទី៨មីនានេះថា ស្ថាប័នអយ្យការខេត្តព្រះវិហារ បាននិងកំពុងបន្តបើកការស៊ើបអង្កេត ដើម្បីឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមច្រើននាក់ទៀត ដែលជាមេក្លោងនៅក្នុងសកម្មភាព ដែលបាននាំយករថយន្តចង្កូតស្តាំ អត់ពន្ធស៊េរីទំនើបៗ ចេញពីឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ចូលទៅក្នុងស្រុកមឿងខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។

លោក វុធ សាវី បានបន្តឲ្យដឹងទៀតថា ការស្វែងរកការចាប់ខ្លួនមេក្លោងរូបនោះ គឺបានធ្វើឡើងក្រោយការកំណត់បានអត្តសញ្ញាណជនសង្ស័យ ឈ្មោះ មួង ចាន់ថា ហៅ ប៉ូក ដែលជាមេក្លោងនៅក្នុងការធ្វើសកម្មភាព នាំយករថយន្តចង្កូតស្តាំ គេចពន្ធគ្រប់ប្រភេទ និងគ្រប់ស៊េរី ចម្លងតាមទូកពីកម្ពុជា ចូលទៅក្នុងប្រទេសឡាវ ដោយខុសច្បាប់ ដែលសកម្មភាពនេះ បានកើតឡើងច្រើនខែមកហើយ ពិសេស ការនាំចេញយ៉ាងគំហ៊ុក គឺចាប់តាំងពីមុនចូលឆ្នាំចិន-វៀតណាមនោះមក។ ហើយអ្នកប្រព្រឹត្តបទល្មើសឆ្លងដែននេះ ទទួលបានប្រាក់ពីម្ចាស់រថយន្ត ក្នុង ១គ្រឿងតម្លៃ ១៥០០ដុល្លារ និងក្នុង១យប់ គេចម្លងចាប់ពី ៤គ្រឿង រហូតដល់ទៅ១២គ្រឿងក៏មាន។

ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី បានបញ្ជាក់ថា នៅក្នុងសកម្មភាពខាងលើនេះ លោកបានចុះស្រាវជ្រាវរកឃើញ មានមន្ត្រីដែលជាបុគ្គលនៅក្នុងជួរកងកម្លាំងមួយក្រុមតូច ដែលមានការជាប់ពាក់ព័ន្ធនៅក្នុងករណីនេះ និងលោកក៏បានកំណត់អត្តសញ្ញាណជនសង្ស័យ រួមទាំងមេក្លោងប្រព្រឹត្តបទល្មើសនេះ រួចរាល់អស់ហើយ ដែលមេក្លោងនេះ ឈ្មោះ មួង ចាន់ថា ហៅ ប៉ូក មានអាស័យដ្ឋាននៅក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ហើយនៅខណៈនេះ ជនសង្ស័យរូបនេះ បានរត់គេចខ្លួនពីកម្ពុជា ទៅពួនសម្ងំនៅក្នុងប្រទេសឡាវ។ តែទោះជារត់គេចយ៉ាងណា ក៏លោកមិនអនុញ្ញាតឲ្យគេចផុតពីសំណាញ់ច្បាប់បាននោះដែរ។

លោក វុធ សាវី បានបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់ និងបង្ក្រាបការប្រព្រឹត្តអំពើរត់ពន្ធឆ្លងដែនល្មើសច្បាប់នោះ កាលពីថ្ងៃទី៤មីនា២០២២ កន្លងមកនេះ លោកបានចុះស៊ើបអង្កេត ស្រាវជ្រាវ និងដឹកនាំកម្លាំងនគរបាលខេត្តជិត ២០នាក់ ដើម្បីសម្របសម្រួលក្នុងប្រតិបត្តិការ ចុះបង្ក្រាបរថយន្តគេចពន្ធឆ្លងដែន និងជាលទ្ធផលនៅក្នុងប្រតិបត្តិការមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៤មីនា ដល់ថ្ងៃទី៥មីនា២០២២ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនមនុស្ស ២នាក់ គឺ ១. ឈ្មោះ អ៊ុន សំប៊ីត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ និង ២.ឈ្មោះ សោម ពន្លឺ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ជនសង្ស័យទាំងពីរនាក់ ដែលត្រូវបានឃាត់ខ្លួននាពេលនោះ គឺជាអ្នកស៊ីឈ្នួលបើកបររថយន្តចង្កូតស្តាំឲ្យមេក្លោងខាងលើ ក្នុងរថយន្ត ១គ្រឿង តម្លៃ ២០ម៉ឺនរៀល និងដកហូតបានរថយន្តចង្កូតស្តាំ គ្មានពន្ធ ៤គ្រឿង ក្នុងនោះ ២គ្រឿងជារបស់ឈ្មោះ មួង ចាន់ថា ហៅ ប៉ូក និង រថយន្ត ២គ្រឿងទៀត ជារបស់អញ្ញត្តជន (រថយន្តគ្មានម្ចាស់)។

លោក វុធ សាវី បញ្ជាក់បន្ថែមថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមនឹងវត្ថុតាងរថយន្តចង្កូតស្តាំ គ្មានពន្ធ ទាំង៤គ្រឿងនោះ ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីធ្វើកំណត់ហេតុសាកសួរ និងការរក្សាទុក។ លោកថា ក្រោយការសាកសួររួច ទើបដឹងថា ជនសង្ស័យទាំង២នាក់ គឺជាអ្នកស៊ីឈ្នួលបើកបររថយន្តចង្កូតស្តាំឲ្យគេ ក្នុងរថយន្ត ១គ្រឿង តម្លៃ ២០ម៉ឺនរៀល ដោយមិនមានជាប់ពាក់ព័ន្ធនឹងអំពើរត់ពន្ធឆ្លងដែននោះទេ។ ដូច្នេះ លោកបានសម្របសម្រួល ដោះលែងពួកគាត់ទាំងពីរ ឲ្យមានសេរីភាពឡើងវិញ ក្រោមកិច្ចសន្យាបញ្ឈប់សកម្មភាពប្រព្រឹត្តបែបនេះតទៅទៀត។ ចំណែក រថយន្តទាំង ៤គ្រឿង ត្រូវបានបញ្ជូន និងរក្សាទុកនៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីទុកឱកាសឲ្យម្ចាស់រថយន្តទាំងនេះ ចូលខ្លួនមកបង់ពន្ធគយជូនរដ្ឋ និងការកែចង្កូតឲ្យបានត្រឹមត្រូវ បើក្នុងរយៈពេលនេះ ម្ចាស់រថយន្តមិនចូលខ្លួនមកទេ សាលាដំបូងខេត្ត នឹងអនុវត្តនីតិវិធីរបស់ខ្លួនជាបន្តទៀត។

លោក វុធ សាវី បានបញ្ជាក់ទៀតថា ចំពោះអ្នកពាក់ព័ន្ធនៅក្នុងរឿងនេះ លោកបានកំណត់មុខសញ្ញារួចរាល់អស់ហើយ រីឯការពិតនឹងដឹងនៅក្រោយការឃាត់ខ្លួនបានមេក្លោង នៅក្នុងការនាំរថយន្តគេចពន្ធឆ្លងដែនល្មើសច្បាប់នេះបាន។ លោកថា លោកនឹងមិនអត់ឱនឲ្យបុគ្គលខិលខូច រួចខ្លួនពីសំណាញ់ច្បាប់ ជាដាច់ខាត។

លោកព្រះរាជអាជ្ញារង វុធ សាវី បានបញ្ជាក់ដដែលថា ការនាំរថយន្តគេចពន្ធឆ្លងដែរ គឺជាបទល្មើសគយ ជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងក៏ជាបទល្មើសប្រឆាំងការសម្អាតប្រាក់ ផងដែរ៕ដោយ៖ឡុង សំបូរ