រដ្ឋបាលខេត្តព្រះវិហារ បានលើកយកផែនការជាអាទិភាពជាច្រើនចំណុចរបស់ រាជរដ្ឋាភិបាល មកបន្តអនុវត្តឲ្យបានកាន់តែប្រសើរថែមទៀត ទៅតាមការរំពឹងទុក សម្រាប់ឆ្នាំ២០២២

0

ខេត្តព្រះវិហារ៖ គោលការជាអាទិភាពរបស់ រាជរដ្ឋាភិបាល ជាច្រើនចំណុចសំខាន់ៗ ដែលរដ្ឋបាលខេត្តព្រះវិហារ រួមគ្នាសម្រេចយកមកបន្តអនុវត្ត ទៅតាមការលើកទិសដៅ សម្រាប់ឆ្នាំ២០២២នេះ ឲ្យបានជោគជ័យ គឺ ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម គោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ,ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ,ការគ្រប់គ្រងធនធានធម្មជាតិ ,ការប្រើប្រាស់ដីធ្លី ,ព្រៃឈើ និងជលផល ,ការផ្ដល់សេវាសង្គម ដូចជា «ការងារអប់រំយុវជន និងកីឡា​ ,ការគ្រប់គ្រងជំងឺឆ្លងកាចសាហាវ ជំងឺកូវីដ-១៩ ,សុខភាពអនាម័យ មាតា និងទារក ,សង្គមកិច្ច ,អគ្គិសនី, ទឹក និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ថែមទៀតផង។

គោលការណ៍ជាអាទិភាពរបស់ រាជរដ្ឋាភិបាល ដែលបានសម្រេចយកមកបន្តអនុវត្តនាពេលនេះ គឺបានធ្វើឡើងនៅក្នុងការបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះវិហារ ដែលនឹត្រូវប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ មីនា ឆ្នាំ២០២២។

ពិធីនេះទៀត បានធ្វើឡើងក្រោមអធិបតីភាព លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ , អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដោយមានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះវិហារ ,សមាជិកក្រុមប្រឹក្សាខេត្ត ,មន្ត្រីខេត្ត ក្រុង ស្រុក ,ប្រធានសាលាដំបូងខេត្ត ,ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ,ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ,កងកម្លាំងទាំង៣ ,មេ ឃុំ ចៅសង្កាត់ រួមទាំងមេប៉ុស្តិ៍នគរបាលរដ្ឋបាល ផងដែរ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ដំណើរការរៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ រដ្ឋបាលខេត្តនាពេលនេះ គឺដើម្បីឲ្យយើងរួមគ្នាធ្វើការវាយតម្លៃ អំពីសមិទ្ធផលការងារដែលរដ្ឋបាលខេត្តខិតខំសម្រេចបាន ទាំងក្នុងក្របខណ្ឌ នៃតួនាទីភារកិច្ច ស្របតាមច្បាប់កំណត់ កិច្ចសហការសម្របសម្រួល កិច្ចការនានាតាមការដឹកនាំ និងបទបញ្ជា ជាពិសេស ការកំណត់ទិសដៅការងារសម្រាប់អនុវត្ត នៅក្នុងឆ្នាំបន្ទាប់ ស្របតាមទិសដៅការងារដែលបានកំណត់ក្នុងសន្និបាតប្រចាំឆ្នាំ កម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យទទួលបានលទ្ធផលល្អ និងកាន់តែមានប្រសិទ្ធភាពថែមទៀត៕ដោយ៖ឡុង សំបូរ