ខេត្តព្រះវិហារ៖ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែប នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានសហការជាមួយ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ ចុះចាប់ត្រាក់ទ័រមួយគ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយ និងហ៊ុំព័ទ្ធយកដីព្រៃរដ្ឋជាកម្មសិទ្ធិ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅម៉ោង ១២ និង៤០នាទី ថ្ងៃទី២១មីនាឆ្នាំ២០២២ នៅចំណុចប្រឡាយលាងដំឡូង ស្ថិតក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាប សកម្មភាពឈូសឆាយដីព្រៃរដ្ឋជាកម្មសិទ្ធិនេះ គឺធ្វើឡើងក្រោយពីទទួលបានដំណឹងពីការឈូសឆាយនេះ ហើយកម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែប បានសហការជាមួយកម្លាំងនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆែប១ និងកម្លាំងកងរាជអាវុធហត្ថស្រុកឆែប ចុះទៅកាន់គោលដៅនោះ ដោយបានឃើញពីការប្រព្រឹត្តបទល្មើសជាក់ស្តែង ខណៈនោះកម្លាំងសមត្ថកិច្ច បានធ្វើការបង្ក្រាប និងរឹបអូសបានត្រាក់ទ័រ ១គ្រឿង ពណ៌ក្រហម ម៉ាក KUBOTA M6040 SU ដោយនាំយកមករក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប។
លោក នួន សុខុម បានបញ្ជាក់ថា នៅក្នុងការចុះបង្ក្រាបសកម្មភាពឈូសឆាយ និងហ៊ុំព័ទ្ធយកដីព្រៃរដ្ឋជាកម្មសិទ្ធិនេះ កម្លាំងសមត្ថកិច្ចរឹបអូសបានតែត្រាក់ទ័រ ១គ្រឿង ប៉ុណ្ណោះ។ ចំណែក អ្នកបើកបរត្រាក់ទ័របានរត់គេចខ្លួន នៅមុនពេលសមត្ថិច្ចចុះទៅដល់។
បច្ចុប្បន្ន ត្រាក់ទ័រ ១គ្រឿងនេះ កំពុងស្ថិតក្រោមការគ្រប់គ្រង និងរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប ដោយរង់ចាំការសម្រេចពីថ្នាក់លើ និងការកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ