រថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្ត Lexus របស់ អភិបាលស្រុករវៀង ខេត្តព្រះវិហារ បុកគ្នាពេញទំហ៊ឹង បណ្តាលឲ្យលោកអភិបាលស្រុករងរបួស

0

ខេត្តព្រះវិហារ៖ រថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿងរបស់ក្រុមហ៊ុន ថុង លី ដែលគេដឹងថា បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តព្រះវិហារ បានប៉ះទង្គិចគ្នាជាមួយរថយន្តរបស់ អភិបាលស្រុករវៀង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីរសៀលថ្ងៃទី២១មីនាឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៩៥ ត្រង់ចន្លោះ បង្គោលគីឡូម៉ែត្រលេខ៧៦-៧៧ ស្ថិតក្នុងភូមិសាស្រ្ត ភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

អ្នកឃើញហេតុការគ្រោះថ្នាក់នេះ បាននិយាយថា នៅមុនពេលកើតហេតុ ពួកគេបានឃើញ រថយន្ត២គ្រឿង បើកបោះពួយយ៉ាងលឿនក្នុងទិសដៅផ្ទុយគ្នា នៅគ្រានោះរថយន្តLexus ព័ណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-8491 ដែលគេស្គាល់ថា ជារថយន្ត របស់លោក ហ៊ោ ប៊ុនហួ អភិបាលស្រុករវៀង បានបើកបរក្នុងទិសដៅពីកើតទៅលិច។ ចំណែក រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន ថុង លី ពាក់ស្លាកលេខភ្នំពេញ 3A-3462 បើកបរក្នុងទិសដៅផ្ទុយគ្នាក្នុងល្បឿនលឿន ហើយក៏ត្រូវបានរថយន្ត Lexus រេចង្កូតពេញទ្រូងផ្លូវ ក៏ជ្រុលទៅបុករថយន្តក្រុងដឹកអ្នកដំណើរនោះ ទំនងអាចមកពីអ្នកបើកបររថយន្ត លោកអភិបាលស្រុកងងុយដេក ទើបបណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហ៊ឹង និងរងការខូចខាតយ៉ាងដំណំបែបនេះ។

ក្រោយពេលកើតហេតុ គេបានឃើញ កម្លាំងនគរបាលស្រុករវៀង ចុះជួយធ្វើអន្តរាគមន៍ ដើម្បីសម្រួលចរាចរណ៍  នៅលើកំណាត់ផ្លូវជាតិលេខ៩៥ និងនាំយករថយន្តទាំង២គ្រឿងនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករវៀង រង់ចាំដោះស្រាយគ្នាជាក្រោយ។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ លោក ហោ ប៊ុនហួ បានរងរបួសលើផ្ទៃមុខ និងត្រូវបានគេបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំបង់ធំ។ ចំណែក ខាងរថយន្តក្រុងដឹកអ្នកដំណើរ មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕ដោយ៖ឡុង សំបូរ