គ្រឿងញៀនជាង ៦០០គីឡូក្រាម គ្រោងនាំចូលក្នុងប្រទេសកម្ពុជា ត្រូវបានបង្ក្រាប និងរឹបអូសបាន ដោយកម្លាំងយោធាឡាវ ឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តចម្ប៉ាសាក់ និងខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ កម្លាំងយោធាការពារព្រំដែនឡាវ ដែលបានដាក់ប៉ុស្តិ៍នៅកៀកនឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា ក្នុងខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប និងរឹបអូសបានគ្រឿងញៀន ៣២បេ ស្មើនឹងចំនួន ៦៤០ដុំ បើតាមការប៉ាន់ប្រមាណ ថ្នាំញៀនដែលទាហាន និងប៉ូលិសឡាវរឹបអូសបាននេះ មានមិនក្រោមពី ៦០០គីឡូក្រាមនោះទេ ដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀន គ្រោងនាំចូលពីប្រទេសឡាវ ចូលមកក្នុងប្រទេសកម្ពុជា។

សេចក្តីរាយការណ៍ពីច្រកទ្វារអន្តរជាតិត្រពាំងក្រៀលកម្ពុជា-ណងណុកខៀនឡាវ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាប និងរឹបអូសបានគ្រឿងញៀន ដ៏ច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ក្រុមទាហាន ​និងប៉ូលិសព្រំដែនឡាវនោះ បានធ្វើឡើងនៅម៉ោងប្រមាណជា ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥មីនាឆ្នាំ២០២២នេះ នៅចំណុចផ្លូវខ្សែភ្លើង ហួសប៉ុស្តិ៍ចាស់ដុងក្រឡ នៅតាមខ្សែបន្ទាត់ព្រំដែន ខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តចម្ប៉ាសាក់ឡាវ។

មន្ត្រីនគរបាល BLO ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀលកម្ពុជា បានប្រាប់ឲ្យដឹងថា គ្រឿងញៀនដែលទាហានឡាវចាប់បាននោះ គឺជាថ្នាំញៀនប្រភេទ (ខេ K) ត្រូវបានគេវិចខ្ចប់ក្នុងថង់ផ្លាស្ទិកពណ៌បៃតង និងច្រកក្នុងបេការ៉ុងពណ៌បៃតងដូចគ្នា។ ហើយថ្នាំញៀនទាំងនេះ ត្រូវបានគេដឹកជញ្ជូនតាមគោយន្តកន្ត្រៃចំនួន ៣គោយន្ត គ្រោងនាំចូលមកក្នុងប្រទេសកម្ពុជា ប៉ុន្តែ ត្រូវបានបង្ក្រាប គ្រាដែលកម្លាំងយោធា និងប៉ូលិសឡាវ ដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់ការនាំចូល និងនាំចេញ នូវទំនិញឆ្លងដែនគេចពន្ធគ្រប់ប្រភេទ ពិសេស រថយន្តចង្កូតស្តាំគេចពន្ធពន្ធ ពីឡាវចូលមកកម្ពុជា និងពីកម្ពុជា ចូលទៅក្នុងទឹកដីឡាវ។

មន្ត្រីនគរបាល BLO កម្ពុជា បានឲ្យដឹងទៀតថា វត្ថុតាងបទល្មើសដែលកម្លាំងសមត្ថកិច្ចព្រំដែនឡាវ បង្ក្រាប និងរឹបអូសបានក្នុងពេលនោះ គឺជាថ្នាំញៀនប្រភេទខេ ចំនួន ៣២បេ ស្នើនឹង ៦៤០ដុំ បើតាមការប៉ានប្រមាណ មានមិនតិចជាង ៦០០គីឡូក្រាមនោះទេ និងគោយន្តកន្ត្រៃ ៣គ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូន វត្ថុតាងបទល្មើសគ្រឿងញៀនឆ្លងដែន។ ដោយឡែក ក្រុមឧក្រិដ្ឋជនបានរត់ចូលព្រៃគេចខ្លួនបាត់អស់ទាំងយប់។

ក្រោយការបង្ក្រាប និងរឹបអូសបាន គ្រឿងញៀនទាំង ៦៤០ដុំ រួមទាំងគោយន្តកន្ត្រៃ ៣គ្រឿង ត្រូវបាននាំយកមករក្សាទុកនៅប៉ុស្តិ៍ប្រចាំការ ក្នុងទឹកដីឡាវ ជាប់ព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា៕ដោយ៖ឡុង សំបូរ