សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម Park Heung kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់ ៥ជាន់ នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់ឡើងនៅខែមីនា ឆ្នាំ២០២០ និងបានបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ។ អគារនេះចំណាយថវិកាសរុបប្រមាណ ៨លានដុល្លារអាមេរិក ជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA។
ឯកឧត្តម Park Heung kyeong មានប្រសាសន៍ថាអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ក៏ត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរ វាងកម្ពុជា និងកូរ៉េ។ ក្នុងនាមជាស្ថាបនិកនៃការភ្ជាប់ឡើងវិញនៃទំនាក់ទំនងប្រទេសទាំង២ សម្តេចតេជោពិតជាមានមោទនភាពចំពោះទំនាក់ទំនងនេះ ដែលនាំអោយកើតមាននូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាក្តីរីករាយចំពោះមន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ឱ្យដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានអ្នកជំងឺ ដូចជាផ្នែកជំងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក សម្រាប់បម្រើដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា សម្តេចតេជោបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងគ្រូពេទ្យនៅទូទាំងប្រទេស ដែលបានប្រឹងប្រែងជំនះការរីករាលដាលជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងទៅនេះ។ សម្តេចតេជោបានថ្លែងថា វេលាពេលនេះកាលពីឆ្នាំ២០២១ គឺជាពេលដ៏លំបាកសម្រាប់កម្ពុជា ដោយសារការឆ្លងជំងឺកូវីដ-១៩មានការផ្ទុះខ្លាំង ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលពេលនោះមានមនុស្សស្លាប់ និងមានអ្នកសម្រាកនៅមន្ទីពេទ្យជាបន្តបន្ទាប់ តែឆ្នាំនេះយើងមានស្ថានភាពល្អប្រសើរ ទាំងនេះដោយសារតែយុទ្ធសាស្ត្រនៃការចាក់ស្រោចវ៉ាក់សាំងរបស់យើងបានទាន់សភាពការណ៍។
តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោនៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់ការពារការឆ្លងជំងឺកូវីដ-១៩ ជាពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ក្រុមគ្រូពេទ្យយកចិត្តទុកដាក់ លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ មានមន្ទីរពេទ្យល្អ បរិក្ខារល្អ ជារឿងល្អមួយទៅហើយ ប៉ុន្តែអ្វីកាន់តែល្អទៀត គឺការយកចិត្តទុកដាក់ និងមានក្រមសីលធម៌របស់គ្រូពេទ្យចំពោះអ្នកជំងឺ៕





































