សាខាកាកបាទក្រហមកម្ពុជាខេត្ត បើកវគ្គបណ្តុះបណ្តាលបង្កើនចំណេះដឹង ពីគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ដល់យុវជន នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ យុវជនជាង ៣០នាក់ ដែលជាសិស្សានុស្ស នៃវិទ្យាល័យហ៊ុន សែន ត្បែងមានជ័យ ខេត្តព្រះវិហារ ទទួលបានការបណ្តុះបណ្តាលជាមូលដ្ឋាន ដើម្បីយល់ដឹងពីគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម និងយល់ដឹង អំពីតួនាទីរបស់យុវជន​ ក្នុងការចូលរួមបម្រើឲ្យវិស័យមនុស្សធម៌ នៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៨ មីនា ឆ្នាំ២០២២នេះ នៅវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ ស្ថិតក្នុងភូមិស្រឡៅទូង ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះទៀត បានធ្វើឡើងក្រោមវត្តមាន លោកស្រី សៅ សាឃន អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្បែងមានជ័យ និងក៏មានការអញ្ជើញចូលរួមពី នាយកសាលា លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម ៤៣នាក់ និងយុវជនកាកបាទក្រហម ដែលជ្រើសរើសថ្មី ៣៣នាក់ ផងដែរ។

លោកស្រី សៅ សាឃន បានលើកឡើងថា វគ្គបណ្តុះបណ្តាលដែលបានធ្វើឡើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្អូនៗ ក្មួយៗ ក្នុងនាមជាយុវជនកាកបាទក្រហម ដើម្បីបានយល់ដឹងកាន់តែច្បាស់ អំពីប្រវត្តិ និងគោលការគ្រឹះទាំង៧ របស់ ចលនាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម និងយល់ដឹង អំពីតួនាទីរបស់យុវជនកាកបាទក្រហម ក្នុងការចូលរួមបម្រើឲ្យវិស័យមនុស្សធម៌ ពិសេស ត្រូវមានការយល់ដឹងពីវិជ្ជាសង្គ្រោះបឋម ដល់ជនរងគ្រោះ។

លោកស្រី សៅ សាឃន បានក្រើនរំលឹកដល់ប្អូនៗ ក្មួយៗ ដែលជាយុវជនកាកបាទក្រហមថ្មីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការត្រងត្រាប់ស្តាប់ ដើម្បីចាប់យកនូវចំណេះដឹង និងបទពិសោធល្អៗ ពីវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដែលនឹងធ្វើការពន្យល់ និងបង្រៀនដោយលោកគ្រូឧទ្ទេសមកពី សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។

លោកស្រី សៅ សាឃន បានថ្លែង ដោយផ្តោតលើក្តីសង្ឃឹមយ៉ាងមុតមាំថា យុវជនទាំងអស់ នឹងបន្តខិតខំសិក្សារៀនសូត្រ ដើម្បីអោយក្លាយខ្លួនទៅជាយុវជន ដែលប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនជាបន្តទៀតនាពេលអនាគត។ ហើយដើម្បីមានអនាគតល្អ ត្រូវជៀសវាង និងរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នា។

បន្ទាប់មក លោកស្រី ក៏បានផ្តល់ សៀភៅ ចំណេះដឹងជាមូលដ្ឋានវិជ្ជាសង្គ្រោះបឋម ២ក្បាល និងសម្ពាធវិជ្ជាសង្គ្រោះបឋម ១ឈុត ជូនដល់ប្អូនៗ និងក្មួយៗ ដើម្បីទុកជាទុនក្នុងពេលអនុវត្តការងារជាក់ស្តែង នាពេលខាងមុខ៕ដោយ៖ឡុង សំបូរ