ខេត្តព្រះវិហារ៖ ការថ្លែងជម្រុញរបស់ ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលសកម្មភាពការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តនៅខែខាងមុខ ។
នៅក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨មីនាឆ្នាំ២០២២ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ នោះផងទៀត អនុប្រធានមន្ទីរទាំង២ នាយ និងនាយរងការិយាល័យ មន្ត្រី និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្ត ក៏បានចូលរួមផងដែរ។
ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ ការិយាល័យទាំង៥ និងមន្ត្រីទាំងអស់ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ តាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ តាមបណ្តាការិយាល័យនីមួយៗ។
ទន្ទឹមនេះ លោកស្រីប្រធាន បានជម្រុញដល់មន្រ្តីគ្រប់ផ្នែក និងគ្រប់ជំនាញទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងារក្នុងវិស័យព័ត៌មាន ឲ្យបានកាន់តែប្រសើរជាងនេះថែមទៀត ត្រូវសហការ និងទំនាក់ទំនងគ្នាឲ្យបានល្អ ក្នុងការផលិតព័ត៌មានឲ្យបានច្រើន ជាពិសេស ត្រូវរកដំណោះស្រាយរាល់បញ្ហាប្រឈមនានា ដែលកើតឡើងនៅរាល់សកម្មភាពការងារ។
លោកស្រី ហែម សុគុណពិសី បានបន្ថែមទៀតថា បើទោះបីសកម្មភាពមួយចំនួនកន្លងមកមានភាពយឺតយ៉ាវក្ដី ប៉ុន្ដែ លទ្ធផលការងាររបស់យើងសម្រេចបានទៅមុខជានិច្ច ហើយត្រូវដោះស្រាយកែលម្អរ និងបំពេញនូវចំណុចខ្វះខាត ធ្វើយ៉ាងណារួមគ្នាសម្រេចបាន នូវលទ្ធផលការងារ និងត្រូវមានសាមគ្គីភាពគ្នាឱ្យបានល្អប្រសើរជាបន្តទៀត ៕ដោយ៖ឡុង សំបូរ