ខេត្តឧត្តរមានជ័យ៖ សត្វខ្ទីងមួយក្បាល ដែលដេញវ័ធអ្នកចំការឲ្យរងរបួសធ្ងន់ និងស្រាល ៣នាក់ កាលពីថ្ងៃទី៣០មីនា កន្លងទៅនេះ ខណៈនេះត្រូវបានក្រុមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ចាប់និងបានបញ្ជូនទៅកាន់ភ្នំតាម៉ៅ ដែលស្ថិតនៅក្នុងខេត្តតាកែវហើយ ក្រោយពីសត្វខ្ទីង១ក្បាលនេះ ត្រូវបានបាញ់ថ្នាំឲ្យសន្លប់ កាលពីល្ងាចថ្ងៃទី៣១មីនា ឆ្នាំ២០២២។
ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា បានប្រាប់ឲ្យដឹង នៅថ្ងៃទី១ មេសា នេះថា សត្វខ្ទីងព្រៃឈ្មោលមួយក្បាល ដែលសង្ស័យថា វាឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា និងបានដេកសំងំក្នុងដីចំការដំឡូងមីរបស់អ្នកស្រុក ហើយបានធ្វើសកម្មភាពដេញវ័ធមនុស្សប្រុស-ស្រី បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល ៣នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។
លោកប្រធានមន្ទីរបានបន្តឲ្យដឹងទៀតថា សត្វខ្ទីងមួយក្បាលនេះ ក្រោយពីបានដេញវ័ធមនុស្សឲ្យរងរបួសនោះរួចមក សមត្ថកិច្ចមកពីគ្រប់ស្ថាប័ន និងមន្រ្តីជំនាញពាក់ព័ន្ធ បានធ្វើហ៊ុមព័ទ្ធ និងរង់ចាំក្រុមអភិរក្សសត្វព្រៃភ្នំតាម៉ៅ ចុះមកទទួលយកទៅរក្សាទុក្ខ។ លោកថា ក្នុងការចាប់យកសត្វខ្ទីឈ្មោលមួយក្បាលនេះបាន ដោយប្រើប្រាសវិធីបាញ់ថ្នាំឱ្យសន្កប់ រួចលើកដាក់រថយន្តទៅទីតាំងអភិរក្សភ្នាំតាម៉ៅ ដែលស្ថិតនៅក្នុងខេត្តតាកែវ៕ដោយ៖ឡុង សំបូរ