ខេត្តស្ទឹងត្រែង៖ អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលមានលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ជាមេបញ្ជាការ និងជាកម្លាំងការពារព្រំដែនកម្ពុជា-ឡាវ មួយយ៉ាងរឹងមាំ ទទួលបានការចុះសាកសួរសុខទុក្ខ និងការនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួន ពីគណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៤មេសាឆ្នាំ២០២២ នៅក្នុងអង្គភាពកងអនុសេនាធំលេខ១ នៃផ្នែកសឹករងសៀមប៉ាង ចំណុះតំបន់ប្រតិបត្តិការសឹកស្ទឹងត្រែង និងនៅក្នុងគិលានដ្ឋាន នៃយោធភូមិភាគទី១ ដែលស្ថិតនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។
នៅក្នុងដំណើរចុះសួរសុខទុក្ខកងទ័ពប្រចាំព្រំដែនកម្ពុជា-ឡាវ កាលពីថ្ងៃទី៤មេសាម្សិលមិញនោះ គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង និងប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ ។ ដោយឡែក គណៈប្រតិភូ នៃក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តស្ទឹងត្រែង។
អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែង កោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់សាច់ស្រស់ ឈាមស្រស់ យកអស់កម្លាំងកាយ ចិត្ត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ កងកម្លាំងប្រដាប់អាវុធព្រំដែន ពិសេស កម្លាំងកងទ័ពនៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ការពារបាននូវបូរណភាពទឹកដី និងការពង្រឹងបាននូវកិច្ចទំនាក់ទំនង សាមគ្គីភាព ជាមួយកងកម្លាំងប្រទេសជិតខាង បានយ៉ាងល្អប្រសើរ។ លោកអភិបាលខេត្ត បានជម្រុញកងកម្លាំងទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ឲ្យខាងតែបានដាច់ខាត។
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្រៅពីកិច្ចការងារការពារជាតិ ក៏ត្រូវខិតខំការពារឲ្យបានដាច់ខាត នូវតម្លៃនៃសុខសន្តិភាព ដែលសន្តិភាពនេះ បានមកដោយកម្រ និងក្រោមការលះបង់ដ៏មហិមា ប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកថា សម្តេចតេជោ មិនត្រឹមតែនាំមកជូនប្រជាជនកម្ពុជា នូវសុខសន្តិភាព ប៉ុណ្ណោះទេ សម្តេច បានកសាងប្រទេស តាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ មកដល់គ្រាបច្ចុប្បន្ននេះ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដែលបានយកចិត្តទុកដាក់ និងគិតគូខ្ពស់ ចំពោះភាពសុខសុទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងការពារព្រំដែន ជាពិសេស កងកម្លាំងរបស់អង្គភាពតំបន់ប្រតិបត្តការសឹងរងស្ទឹងត្រែង និងយោធភូមិភាគទី១ នៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឈានចូលមកដល់ នាសប្តាហ៍ខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានគោរពជូនពរថ្នាក់ដឹកនាំទាំងអស់ សូមមានមានសុខភាពល្អ បរិបូណ៌ សិរីសួស្តី មង្គល និងទទួលបានជោគជ័យលើគ្រប់ភារកិច្ច ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជានិច្ចនិរន្តន៍។
គួរបញ្ជាក់ថា គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង និងថ្នាក់ជាតិ បាននាំយកអំណោយមកឧបត្ថម្ភដល់អង្គភាពកងទ័ពប្រចាំព្រំដែនកម្ពុជា-ឡាវ ក្នុងនោះ អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ទទួលបាន អង្ករ ៣៥០០គីឡូក្រាម មីម៉ាម៉ា ១២កេសធំ ត្រីខកំប៉ុង ១២កេស ទឹកស៊ីអ៊ីវ ១២កេស ទឹកត្រី ១២កេស ទឹកបរិសុទ្ធ ៤០កេស ប្រហុកត្រី ១០គីឡូក្រាម និងថវិកា ៦លានរៀល និង លោក ផៃ ប៊ុនឈឿន បានឧបត្ថម្ភ អង្ករ ចំនួន ៥០០ គីឡូក្រាម។ គិលានុដ្ឋានយោធភូមិភាគទី១ ទទួលបាន អង្ករ ១៣០០ គីឡូក្រាម មីម៉ាម៉ា ២៤កេសតូច ត្រីខកំប៉ុង ៤កេស ទឹកស៊ីអ៊ីវ ៤កេស ទឹកត្រី ៤កេស ទឹកបរិសុទ្ធ ២០កេស ប្រហុក ៥ គីឡូក្រាម និងថវិកា ២លានរៀល និង លោក ផៃ ប៊ុនឈឿន បានឧបត្ថម្ភ អង្ករ ៥០០ គីឡូក្រាម ផងដែរ៕ដោយ៖ឡុង សំបូរ