ខេត្តបាត់ដំបង ÷ រយ:ពេលប៉ុន្មានថ្ងៃនេះ គេសង្គេតឃើញថា ទាំងរដ្ឋបាលខេត្ត ទាំងអាជ្ញាធរក្រុង រួមជាមួយនិងមន្ទីរនានា បាននិងកំពុងមមាញឹកក្នុងការតុប
តែង រៀបចំ ទៅតាមរូបភាពដែលជាវប្បធ៌មខ្មែរ ដើម្បីត្រៀមបើកសង្ក្រាន្តបាត់ដំបង នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងឈានចូលមកដល់ នាប៉ុន្មានថ្ងៃខាងមុខនេះ។
រយ:ពេល២ឆ្នាំកន្លងមកហើយដែលខេត្តបាត់ដំបង ក៏ដូចជាខេត្តដទៃទៀតនៅទូទាំងប្រទេសកម្ពុជា ត្រូវបានអាក់ខានក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីផ្សេងៗ ដោយសារតែបញ្ហានៃជម្ងឺកូវីដ-១៩ ចូលមករាតត្បាត ទើបតែនៅឆ្នាំនេះ ប្រមុខនៃរាជរដ្ឋាភិបាលបានអនុញ្ញាតអោយមានការរៀបចំឡើងវិញ នូវបុណ្យចូលឆ្នាំដែលជាប្រពៃណី ទំនៀមទម្លាប់តាំងពីដូនតាមក។
ដោយសារតែបែបនេះហើយទើបរដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្តើមរៀបចំអោយទៅជាសង្ក្រាន្តបាត់ដំបង ដោយមានទាំងការលេងល្បែងប្រជាប្រីយ៍ ពូនភ្នំខ្សាច់ នៅខាងមុខបរិវេណសាលាខេត្ត និងមានការរៀបចំជាស្តង់លក់ទំនិញផ្សេងៗ នៅសួនភ្លោះនាគបាញ់ទឹក ព្រមទាំងមានការកែលំអរនូវព៌ណសម្បុរ រូបសំណាកលោកតាដំបងគ្រញូង ផងដែរ ដែលជាទីតាំងនៃការគោរពបូជា ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ នៅពេលដែលគេបានឆ្លងកាត់ទឹកដីដ៏ស្រស់បវរនេះ។
ប្រជាពលរដ្ឋជាច្រើន រួមនិងមន្ត្រីរាជការក្នុងខេត្ត មានការសាទរយ៉ាងក្រៃលែងទៅនិងការអនុញ្ញាតិអោយបើកសង្ក្រាន្តឡើងវិញនៅទូទាំងប្រទេស ដោយហេតុដូច្នេះហើយបានជាគេសង្គេតឃើញថា នៅតាមមន្ទីរនានា មានការរៀបចំតុបតែងនូវភ្លើងចម្រុះព៌ណ និងរូបភាពផ្សេងៗ ដើម្បីត្រៀមសម្រាប់ទទួលទេវតាឆ្នាំថ្មី ដែលនឹងយាងចុះនាពេលដ៏ខ្លីខាងមុខនេះ ៕ អត្ថបទ : ព្រាប.ស







































