ប្រតិភូខេត្តឡុងអាននិងខេត្តតៃនិញប្រទេសវៀតណាមអញ្ជើញមកជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

0

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សា​ខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២​ រវាងថ្នាក់ដឹកនាំខេត្តស្វាយរៀង(​កម្ពុជា) និងថ្នាក់ដឹកនាំខេត្តឡុងអាន​ និងខេត្តតៃនិញ(ប្រទេសវៀតណាម​) ស្ថិតនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។
ពិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។​
ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ព្រមទាំង គណៈប្រតិភូខេត្តឡុងអាន ខេត្តតៃនិញ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយស អញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នៅក្នុងខេត្តស្វាយរៀង នាពេលនេះ ដែលបានញ៉ាំងឲ្យបរិយាកាសនៅក្នុងពិធីទាំងមូលកាន់តែមានភាពអធិកធម ប្រកបដោយភាតរភាព មិត្តភាព និងពោរពេញដោយស្នាមញញឹម និងក្ដីសង្ឃឹមត្រៀមទទួលយកអំណរសាទរពរជ័យឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ។
ឯកឧត្តមបន្តថា​ ឆ្នាំនេះជាការចាប់ផ្ដើមដំបូង និងជាលើកទី១ហើយ ដែលខេត្តយើងទាំងបីស្វាយរៀង-ឡុងអាន-តៃនិញ បានមកជួបជុំគ្នាដោយផ្ទាល់សារជាថ្មីឡើងវិញ នៅក្នុងខេត្តស្វាយរៀង បន្ទាប់ ពីខកខានមិន បានជួបជុំគ្នាអស់រយៈពេល ២ឆ្នាំ ដោយសារបញ្ហាឆ្លងរាលដាលជាសាកល នៃជំងឺកូវីដ-១៩ ។ បើទោះបីជាបញ្ហាវិបត្តិ នៃជំងឺកូវីដ-១៩នេះ​ បានក្លាយជា របាំងបង្កឲ្យមានផលប៉ះពាល់ដល់ដំណើរការជាប្រក្រតី ទៅលើការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋទាំងសងខាងក៏ពិតមែន ប៉ុន្តែដោយឈលើទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» កិច្ចសហ-ប្រតិបត្តិការ រវាងខេត្តយើងទាំងបី ក៏នៅតែត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់យ៉ាងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំង តាមរយៈការសហការសម្របសម្រួលយ៉ាងជិតស្និទ្ធធ្វើឲ្យធានាបាននូវនិរន្តរ៍ភាព នៃ ការផ្លាស់ប្ដូរ និងការចរាចរណ៍ទំនិញ និងផលកសិកម្មនៅតាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងធ្វើការប្រមូលផលដំណាំផ្សេងៗ នៅតាមព្រំដែនបានរលូន និងល្អប្រសើរ ការរួមគ្នាកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ក្នុងឱកាសនេះដែរ បន្ទាប់ពីសុន្ទរកថាជូនពររបស់ឯកឧត្ដម​ ង្វៀន​ វ៉ាន់អ៊ុក​ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន តំណាងគណៈប្រតិភូវៀតណាម និងសុន្ទរកថារបស់លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី ភាគីទាំងពីរកម្ពុជា-វៀតណាម (ស្វាយរៀង និងឡុងអាន តៃនីញ) ក៏បានធ្វើការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅមក ព្រមទាំងពិសាបាយសាមគ្គី និងរាំលេងកម្សាន្តប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការ និងពោរពេញដោយភាពសប្បាយរីករាយ ដើម្បីត្រៀមទទួលអំណរពរជ័យនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕គឹមសេង