មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ស្នើថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ជួយសាងសង់ផ្ទះ ២៩ខ្នង ជូនគ្រួសារអតីតយុទ្ធជន ដែលកំពុងជួបការលំបាកគ្មានដី និងគ្មានទីជម្រករស់នៅសមរម្យ

0

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង​ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង បានស្នើដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ពិសេស លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា ជួយសាងសង់ផ្ទះចំនួន ២៩ខ្នង នៅលើផ្ទៃដីដែលបានឈូសឆាយរួចហើយ ជូនគ្រួសារអតីតយុទ្ធជនខេត្ត ដែលកំពុងជួបការលំបាក គ្មានដី និងគ្មានទីជម្រករស់នៅឲ្យបានសមរម្យ ស្មើមុតស្មើមាត់ដូចអ្នកឯទៀត។

ការស្នើសុំរបស់ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន គឺក្នុងពេលដែលលោកឧត្តមសេនីយ៍មេបញ្ជាការ បានចូលរួមក្នុងពិធីសំណេះសំណា ល សួរសុខទុក្ខ និងជូនអំណោយដល់អតីតយុទ្ធជន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពីល្ងាចថ្ងៃទី១២មេសាឆ្នាំ២០២២ នៅក្នុងបរិវេណបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

នៅក្នុងពិធីនោះទៀត អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានអញ្ជើញជាគណៈអធិបតីក្នុងពិធី និងក៏មានការចូលរួមពីថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ព្រមទាំងអតីតយុទ្ធជនខេត្ត ចំនួន ៥១នាក់ ផងដែរ។

ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញចូលរួមរបស់ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង ដែលបានឈ្លាតឱកាសដ៏មមាញឹក មកចូលរួមសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់អតីតយុទ្ធជន ក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងត្រូវឈានចូលមកដល់ នៅថ្ងៃទី១៤មេសាខាងមុខនេះ ញ៉ាំងឲ្យកម្មវិធីរបស់សមាគមនាពេលនេះ មានភាពកក់ក្តៅក្នុងការដឹកនាំ ចំពោះសមាគមក្នុងខេត្តស្ទឹងត្រែងទាំងមូល។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ន សមាគមខេត្ត មានអតីតយុទ្ធជនសរុប ១ពាន់ ២៦៩នាក់ និងបានចូលជាសមាជិកពេញសិទ្ធិ ចំនួន ១ពាន់ ៣៨នាក់ ក្នុងនោះ ជនពិការ ៧៩នាក់ អ្នករស់នៅក្នុងបន្ទុក ១២០នាក់ ,និវត្តជន ៨០៧នាក់ អ្នករស់នៅក្នុងបន្ទុក ១ពាន់ ៤៦នាក់ ,ជនបាត់បង់សមត្ថភាព ២៣នាក់ អ្នករស់នៅក្នុងបន្ទុក ២៩នាក់ ,គ្រួសារពលី ១០៩នាក់ អ្នករស់នៅក្នុងបន្ទុក ៣៨៧នាក់ ,គ្រួសារមរណៈ ១៥០នាក់ អ្នករស់នៅក្នុងបន្ទុក ២៧៨នាក់ និងចាប់តាំងពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០២២នេះ មានអតីតយុទ្ធជន ១៣៣នាក់ហើយ ដែលបានទទួលមរណភាពដោយសារជំងឺផ្សេងៗ។

អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគម ជូនចំពោះអតីតយុទ្ធជនខេត្តទាំងអស់ ដែលរយៈកាលកន្លងមក ក៏ដូចជានៅក្នុងគ្រាបច្ចុប្បន្ន សម្តេចតេជោ តែងបានគិតគូ យកចិត្តទុកដាក់លើការខ្វះខាតនានា ជាពិសេស គឺបញ្ហាសុខភាពរបស់អតីតយុទ្ធជននៅទូទាំងប្រទេស  ក្នុងនោះ ក៏មានខេត្តស្ទឹងត្រែង យើងផងដែរ ដែលលោកតែគិតគូជាចាំបាច់ តាមរយៈអាជ្ញាធរខេត្ត និងតាមរយៈគណៈកម្មាការសមាគមអតីតយុទ្ធជន តែងតាមដានត្រួតពិនិត្យ និងអន្តរាគមន៍គ្រប់បែបយ៉ាងចំពោះអតីតយុទ្ធជនរបស់យើង ទាំងការរស់នៅ សុខភាព និងជីវភាពប្រចាំថ្ងៃ។

លោក ស្វាយ សំអ៊ាង បានថ្លែង ដោយសម្តែងការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតីតយុទ្ធជនទាំងអស់ ដែលរយៈកាលកន្លងមក តែងបានចំណាយកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ ហើយគុណបំណាច់ដ៏ធំធេង ដែលអតីតយុទ្ធជន បានចូលរួមចំណែក រំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ១៩៧៩មកនោះ គឺធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពមកដល់គ្រាបច្ចុបន្ន ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោកអភិបាលខេត្ត បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមមេត្តាបន្តជួយគាំទ្រឧបត្ថម្ភមូលនិធិនានា មកដល់គណៈកម្មាការសមាគមអតីតយុទ្ធជនយើងថែមទៀត ដើម្បីឲ្យគណៈកម្មាការសមាគម មានលទ្ធភាពឆ្លើយតបទៅនឹងសំណូមពរ ក៏ដូចជាតម្រូវការចាំបាច់របស់អតីតយុទ្ធជនខេត្ត ឲ្យកាន់តែមានទំហំធំ និងកាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា អំណោយដែលអតីតយុទ្ធជនទាំង ៥១នាក់ ទទួលបាននៅក្នុងពេលនោះ ដោយក្នុងម្នាក់ៗ ទទួលាបាន អង្ករ ២៥គីឡូក្រាម ,មី១កេស ,ទឹកត្រី១យួរ និងថវិកា ១០ម៉ឺនរៀល ទុកជាចំណងដៃក្នុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ៕ដោយ៖ឡុង សំបូរ