ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញ
សម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។
គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ គម្រោងសាងសង់សំណង់ទាំងអស់នេះគឺដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍នូវសមិទ្ធផលនានានៅភ្នំពេញនេះ ថ្វីត្បិតតែអស់ថវិកាច្រើន តែវាបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសការបញ្ចៀសការជន់លិចរាជធានីភ្នំពេញ និងការកកស្ទះសំរាមជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនចៃកា(JICA) ដែលបានសិក្សាយ៉ាងច្បាស់លាស់លើការការពារទឹកជំនន់ និងការកែលំអប្រព័ន្ធប្រឡាយ-លូ នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះសម្តេចនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាទឹកពិភពលោក ហើយសម្តេចក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ជប៉ុនជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជា និងអបអរសាទរចំពោះសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ-ប្រព័ន្ធប្រឡាយ ក្នុងរាជធានីភ្នំពេញនាថ្ងៃនេះ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំថ្មីនេះ៕





































