ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋ ២នាក់ ក្នុងចំណោមច្រើននាក់ផ្សេងទៀត បានរងការបាញ់ប្រហារ និងរងរបួសយ៉ាងធ្ងន់ធ្ងរ ពីជនមិនស្គាល់អត្តសញ្ញាណ គ្រាកំពុងជួបជុំរាំរែកសប្បាយ ក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីម៉ោង ៩យប់ ថ្ងៃទី១៣មេសាឆ្នាំ២០២២ កន្លងទៅនេះ។
នៅគ្រាបច្ចុប្បន្ន ជនសង្ស័យដៃដល់កំពុងរត់គេចខ្លួន ប៉ុន្តែ កម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ កំពុងសហការរួមគ្នា ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីឈានទៅចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។
អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ លោកវរៈសេនីយ៍ឯក សែម ស៊ីថា បានប្រាប់ឲ្យដឹង នៅថ្ងៃ២០មេសានេះថា ជនរងគ្រោះដែលរងការបាញ់រះពីជនសង្ស័យដៃដល់ និងរងរបួសធ្ងន់មាន ២នាក់ ក្នុងចំណោមច្រើននាក់ផ្សេងទៀតនោះ គឺ ១-ឈ្មោះ ម៉េស ហ៊ីន ភេទស្រី អាយុជាង ៤០ឆ្នាំ ជាប្រធានយុវជន ស.ស.យ.ក ឃុំសំអាង។ លោកថា ជនរងគ្រោះបានរងនឹងគ្រាប់កាំភ្លើងត្រូវចំត្រគាកខាងឆ្វេង និងដោយរបួសធ្ងន់ធ្ងរពេក ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ (លោកសង្ឃ) រាជធានីភ្នំពេញ។ ២- ឈ្មោះ ណែត ធន់ ភេទស្រី អាយុជាង ៣០ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ជនរងគ្រោះ បានរងនឹងការបាញ់ឲ្យរបួសដៃខាងស្ដាំ និងខណៈនេះកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។
លោកវរៈសេនីយ៍ឯក សែម ស៊ីថា បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ពុំដែលមានទំនាស់ជាមួយអ្នកជិតខាងនោះទេ ពួកគាត់គឺជាមនុស្សល្អនៅក្នុងមូលដ្ឋាន និងត្រូវបានជនមិនស្គាល់មុខលបបាញ់ ពេលដែលពួកគាត់បានជួបជុំគ្នារាំរែកសប្បាយ ជាមួយមនុស្សច្រើននាក់ទៀត ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាម៉ោង ៩យប់ ថ្ងៃ១៣មេសា២០២២ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី។
លោកអធិការនគរបាលស្រុកថាឡាបរិវ៉ាត់ បានថ្លែង ចាត់ទុកការប្រើប្រាស់អាវុធបាញ់រះ មកលើប្រជាពលរដ្ឋស្លូតត្រង់ ពីសំណាក់ជនមិនស្គាល់មុខ គឺជាទង្វើល្មើសនឹងច្បាប់រដ្ឋ ហើយលោកនឹងបន្តដឹកនាំកម្លាំងជំនាញ សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ចុះស្រាវជ្រាវ ដើម្បីឈានទៅកំណត់មុខសញ្ញាជនដៃដល់ ចាប់ខ្លួនយកមកផ្តន្ទាទោសទោស ឲ្យខាងតែបានដាច់ខាត ដោយមិនអនុញ្ញាតឲ្យជនដៃដល់ រស់នៅគេចចេញពីសំណាញ់ច្បាប់បានឡើយ និងក៏ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ផងដែរ។
សូមបញ្ជាក់ថា គ្រាប់កាំភ្លើងដែលជនដៃដល់បានប្រើបា្រស់ និងបាញ់ជនរងគ្រោះនាពេលនោះ ហើយត្រូវសមត្ថកិច្ចជំនាញចុះស្រាវជ្រាវ ប្រមូលយកវត្ថុតាងយកមកបាន គឺជាសំបកកាទុះកាំភ្លើងអាកា៤៧ ចំនួន ៣គ្រាប់ និងក្នុងនោះ ១គ្រាប់បាញ់មិនទាន់ផ្ទុះនៅឡើយ៕ដោយ៖ឡុង សំបូរ