ខេត្តបាត់ដំបង ÷ កាលពីព្រឹកថ្ងៃទី២១ ខែមេសា នេះ រដ្ឋបាលខេត្ត បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីអំពីការចាំបាច់នៃការប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធទឹក
ចម្រោះកខ្វក់នៅក្នុងក្រុងបាត់ដំបង ដើម្បីអោយប្រជាពលរដ្ឋបានជ្រាប ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងកម្មវិធីនៃអង្គការសហប្រជាជាតិ សម្រាប់លំនៅឋានមនុស្សជាតិ ប្រធាន អនុប្រធានមន្ទីរ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងក្រុមយុវជន សសយក ផងដែរ។
នៅក្នុងអង្គពិធីនោះដែរ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថាក្រសួងមានបំណងផ្សព្វផ្សាយអំពីគុណប្រយោជន៍ និងភាពចាំបាច់នៃការថែទាំហេដ្ឋារចនាសម្ព័ន្ធ សាធារណ: ប្រកបដោយនិរន្តភាពសម្រាប់ក្មេងជំនាន់ក្រោយ។
ឯកឧត្តមបានបន្ថែមថា ទឹកកខ្វក់ដែលហូរចេញពីលំនៅឋាន និងអាជីវកម្មនានា កំពុងទម្លាក់ចូលទៅក្នុងទឹកស្ទឹង បឹងបួ ប្រលាយ ឬជ្រាបចូលទៅក្នុងដីដោយមិនបានសម្អាតជាមុន ហេតុដូច្នេះទឹកកខ្វក់ទាំងនោះអាចបង្កអោយប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណ:យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។
បន្ទាប់មកឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណអភិបាលខេត្ត បានលើកឡើងថា តាមរយ:ក្រសួងជំនាញ និងដៃគូអភិវឌ្ឍន៍ គឺក្រុងបាត់ដំបង បានសាងសង់ប្រព័ន្ធលូ ស្ថានីយ៍បូមទឹកកខ្វក់ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ថ្មី ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងប្រព័ន្ធបង្ហូរនានាអោយបាន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទឹកកខ្វក់ កត្តាសំខាន់គឺ ÷ ប្រជាពលរដ្ឋគ្រប់រូប ត្រូវយល់ដឹងអំពីការវេចខ្ចប់សម្រាម និងកាកសំណល់រាវ រឹង អោយបានត្រឹមត្រូវដើម្បីងាយស្រួលដល់ភ្នាក់ងារប្រមូលសម្រាម យកទៅចោលក្នុងបរិវេណទីតាំងមានសុវត្ថិភាព ៕ អត្ថបទ : ព្រាប.ស







































