ខេត្តរតនគិរី៖ អតីតសមាជិកគណបក្សសង្រ្គោះជាតិ (CNRP) និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រមាណ ១៣៥នាក់ នៅក្នុងស្រុកពីរ ក្នុងខេត្តរតនគិរី បានសម្រេចចិត្តមកសុំចូលរួមក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញពីការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។
មន្ត្រីបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បានឲ្យដឹងថា អឌិតសមាជិកគណបក្សទាំងពីរខាងលើ មានចំនួន ១៣៥នាក់ ក្នុងនោះស្ត្រី ៣៦នាក់ បានសុខចិត្តបោះបង់បក្សខ្លួន និងបានមកសុំរួមរស់ក្នុងជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា គឺស្ថិតនៅក្នុងស្រុកពីរ នៃខេត្តរតនគិរី ក្នុងនោះស្រុកលំផាត់ មាន២ឃុំ គឺឃុំល្បាំង១ និងឃុំល្បាំង២ មានសមាជិក និងសកម្មជន គណបក្សសង្គ្រោះជាតិ (CNRP) ចំនួន ១១៩នាក់ ស្រី៦២នាក់។
ចំពោះនៅក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវនោះវិញ មានសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ (បច្ចុប្បន្នគណបក្សភ្លើងទៀន) ចំនួន០៣នាក់ ស្រី០១នាក់ និងសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ១៣នាក់ សរុប ១៦នាក់ ស្រី០១នាក់។
មន្ត្រីបក្សប្រជាជនដដែលបានបញ្ជាក់ថា សមាជិកអតីតបក្សសង្គ្រោះជាតិ និងបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានមកសុំចូលរួមក្នុងជីវភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា គឺបានធ្វើឡើងជាបន្តបន្ទាប់ តាមរយៈការមកដាក់ពាក្យស្នើសុំ នៅក្នុងស្រុកលំផាត់ និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមាជិក គណបក្សភ្លើងទៀន ឃុំប៉ាតេ លោក សេវ ផូន និង លោក រស់ រ៉ន ដែលជាតំណាងសមាជិកទាំង ១៣៥នាក់ បានបញ្ជាក់ថា មូលហេតុដែលពួកគាត់សម្រេចចិត្ត មកសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ក៏ព្រោះតែពួកគាត់អស់ជំនឿ ចំពោះមេដឹកនាំគណបក្សរបស់ខ្លួន។
លោកបានបញ្ជាក់ទៀតថា ពួកលោកមានការពេញចិត្ត ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់មើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេស ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ និងលោកបានរំលឹកពីគុណបំណាច់ ថ្ងៃ៧មករា ដែលសម្តេចតេជោ បានរំដោះប្រទេស និងប្រជាជន ឲ្យចាកផុតពីរបបកាប់សម្លាប់ ប្រល័យពូជសាសន៍ជាតិឯង។
លោកបន្តថា ខេត្តរតនគិរី ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ក៏មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ហើយពួកគាត់បានសម្រេចចិត្ត មកសុំរួមរស់ក្នុងជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា គឺគ្មានការបង្ខិតបង្ខំនោះឡើយ ដោយសារតែពួកគាត់បានឃើញ ការសន្យាពិត និយាយពិត និងធ្វើពិត របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំប្រទេស ប្រកបដោយការជឿជាក់ រីកចម្រើន និងបាននាំមកនូវសុខសន្តិភាព ជូនប្រជាជនយ៉ាងពិតប្រាកដ៕ដោយ៖ឡុង សំបូរ