ខេត្តស្ទឹងត្រែង៖ យុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៃរដ្ឋសភាជាតិ បានខិតជិតចូលមកដល់ហើយ។ ទន្ទឹមនេះមានសមាជិកថ្មី ប្រមាណ ១០៤នាក់ មកពីគណបក្សនយោបាយផ្សេងៗគ្នាជាច្រើនក្នុងមូលដ្ឋាន បានសម្រេចចិត្តចូលមកសុំរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលការសម្រចចិត្តនោះ ក្រោយពីពួកគាត់បានមើលឃើញ ពីកិច្ចខិតខំប្រឹងប្រែងកសាងប្រទេស ធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជោ ហ៊ុន សែន ជាប្រធានបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី៣ឧសភាម្សិលមិញ ប្រធានគណៈកម្មាធិការ គណបក្សជាជនកម្ពុជា ស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ ,សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង លោក សន នូ រួមទាំង សមាជិក សមាជិកាបក្សទាំង ៧ឃុំ នៃស្រុកសេសាន បានធ្វើពិធីបញ្ចូលសមាជិក មកពីបក្សនយោបាយផ្សេងៗគ្នាក្នុងមូលដ្ឋានទាំង១០៤នាក់នោះ ឲ្យក្លាយជាសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក សុវណ្ណ ពិសេដ្ឋ បានថ្លែង ពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ជូនចំពោះបងប្អូនសមាជិក សមាជិកា គណបក្សទាំងអស់ថា ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា បានគាំទ្រជានិច្ច ចំពោះការចូលមករួមរស់ក្នុងជីវភាពនយោបាយ របស់បងប្អូនទាំងអស់នាពេលនេះ។
លោក សុវណ្ណ ពិសេដ្ឋ បានថ្លែង ចាត់ទុកការសម្រេចចិត្តចូលមកសុំរួមរស់ក្នុងជីវភាពនយោបាយរបស់បងប្អូន មកពីគណបក្សនយោបាយទាំង៤ ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ដើម្បីប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន និងរួមគ្នាអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែមានការវិវត្តឈានឡើងថែមទៀត។
លោក សុវណ្ណ ពិសេដ្ឋ បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យមានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងនៅក្នុងមូលដ្ឋានស្រុកសេសាន មានផ្លូវបេតុង មានប្រព័ន្ធទឹកស្អាត ភ្លើង សាលារៀន មន្ទីរពេទ្យ និងរោងចក្រ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពកាន់តែល្អប្រសើរឡើង។
សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង លោក សន នូ ដែលជាប្រធានគណៈចលនាមហាជនស្រុកសេសាន បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សទាំងអស់ រួមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបន្តជួយគាំទ្រ សហការ និងការចេះជួយគ្នាទៅវិញទៅមក ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ បានខិតជិតចូលមកដល់ហើយ ត្រូវធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងត្រូវទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា សមាជិក សមាជិកា ដែលបានបញ្ជូល ជាសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា គឺមានចំនួន ១០៤នាក់ ក្នុងនោះ ស្រី ៥០នាក់ មកពីគណបក្សនយោបាយចំនួន ៤ គឺ គណបក្សភ្លើងទៀន ៣២នាក់ ស្រី ១៤នាក់ ,គណបក្សសញ្ជាតិកម្ពុជា ១នាក់ ជាស្ត្រី ,គណបក្សហ៊្វុនស៊ិនប៉ិច ៧៣នាក់ ស្រី ៣៦នាក់ និងគណបក្សកសិករ ៤នាក់ ដែលសមាជិកថ្មី ទាំង ១១០នាក់នោះ មកពីឃុំផ្សេងៗគ្នា នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង៕ដោយ៖ឡុង សំបូរ