គណៈកម្មការសមាគមមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ នៃសាលាខេត្តស្ទឹងត្រែង បានប្រគល់ថវិកា២៧លានរៀល ជូនអតីតគ្រួសារសពមន្ត្រីរាជការស៊ីវិល ៦គ្រួសារ ដែលបានទទួលមរណភាពនាពេលកន្លងមក

0

ខេត្តស្ទឹងត្រែង៖ អតីតគ្រួសារសពមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តស្ទឹងត្រែង ចំនួន ៦គ្រួសារ ដែលបានទទួលមរណភាពនាពេលកន្លងមក ទទួលបានថវិកាចំនួន ២៧លានរៀល ពីគណៈកម្មការមូលដ្ឋានសមាគមមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ នៃសាលាខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៤ឧសភាឆ្នាំ២០២២។

ពិធីប្រគល់ថវិកា ២៧លានរៀលនោះ បានធ្វើឡើងក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការមូលដ្ឋាន សមាគមមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ នៃសាលាខេត្តស្ទឹងត្រែង និងពិធីនោះទៀត ក៏មានការចូលរួមពីសមាជិកក្រុមគ្រួសារ នៃសពអតីតមន្ត្រីរាជាការស៊ីវិលទាំង ៦រូប ផងដែរ។

គ្រួសារសពអតីតមន្ត្រីរាជការទាំង ៦រូប ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីឆ្នាំ២០២១ កន្លងទៅនោះ ទទួលបានថវិកា ពីសមាគមមន្ត្រីរាជការស៊ីវិល ក្នុងមួយគ្រួសារៗ ទទួលបាន ៤លាន ៥សែនរៀល។

លោក ឈាង ឡាក់ បានមានប្រសាសន៍ថា ការប្រគល់ថវិកាជូនគ្រួសារសព អតីតមន្ត្រីរាជការស៊ីវិល នាពេលនេះ ដើម្បីជួយសម្រួលបន្ទុក និងធុរៈ ដល់គ្រួសារសពសមាជិកសកម្មទាំង ៦រូប ដែលបានទទួលមរណៈភាព ស្របទៅតាមលក្ខន្តិកៈសមាគមកំណត់ របស់គណៈកម្មាធិការកណ្តាល សមាគមបានដកថវិកាឧបត្ថម្ភ ចំនួន ២៧លានរៀល (ម្ភៃប្រាំពីលានរៀល) ប្រគល់ជូនគ្រួសារសព ក្នុងមួយគ្រួសារៗ ទទួលបានថវិកា ៤លាន ៥សែនរៀល (បួនលានប្រាំសែនរៀល)។

លោក ឈាង ឡាក់ បានបន្តទៀតថា ទោះបីជាថវិកានេះមានចំនួនតិចតួចក្តី ប៉ុន្តែ អាចជួយសម្រួលដោះទុក្ខលំបាក ដល់ក្រុមគ្រួសារសពបានមួយគ្រាដែរ និងលោកស្នើសុំឲ្យមានការយោគយល់ អធ្យាស្រ័យ ពីសំណាក់ក្រុមគ្រួសារសពទាំង ៦រូប ដែលខាងសមាគមប្រគល់ថវិកាឲ្យមានភាពយឺតយ៉ាវ ដោយសារបញ្ហាការរាលដាលជំងឺកូវិដ-១៩។

ប្រធាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការមូលដ្ឋាន សមាគមមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ នៃសាលាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានសំដែងនូវសមានចិត្តសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់ និងលោកបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលរយៈកាលកន្លងមក បានលះបង់ កូនចៅ បងប្អូន ប្តីប្រពន្ធ និងឪពុកម្តាយ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិកម្ពុជា នៃយើង៕ ដោយ៖ឡុង សំបូរ