ខេត្តស្ទឹងត្រែង៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានដឹកនាំគណៈប្រតិភូយោធាខេត្ត នៃយោធភូមិភាគទី១ កម្ពុជា ជួបប្រជុំជាមួយ មេបញ្ជាការយោធាខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោកឧត្តមសេនីយ៍ សុកែ ភុមិះសាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការទប់ស្កាត់បទល្មើសឆ្លងដែន នៅតាមព្រំដែនខេត្ត នៃប្រទេសទាំងពីរកម្ពុជា-ឡាវ។ កិច្ចប្រជុំនេះបានធ្វើឡើង នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល កម្ពុជា-ណងណុកខៀនឡាវ កាលពីថ្ងៃទី៥ឧសភាម្សិលមិញនេះ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ឲ្យដឹងថា លោកឧត្តមសេនីយ៍ សុកែ ភុមិះសាន មេបព្ជាការយោធាខេត្តចាំប៉ាសាក់ កងទ័ពប្រជាជនឡាវ បានដឹកនាំគណៈប្រតិភូយោធាឡាវ មកចូលរួមកិច្ចប្រជុំលើកទី២ សម្រាប់ខែឧសភា ឆ្នាំ២០២២ នេះ តបតាមការអព្ជើាញរបស់មេបព្ជាការ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃកងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំនោះ បានផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមព្រំដែនខេត្តស្ទឹងត្រែង និងខេត្តចាំប៉ាសាក់ នៃប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំរួមគ្នានេះ ភាគីទាំងពីរយោធាកម្ពុជា និងឡាវ បានឯកភាព និងអបអរសាទរ ក្នុងការរក្សាសន្តិសុខ ជូនប្រជាជននៅតាមព្រំដែនខេត្តទាំងពីរ នៃប្រទេសទាំងពីរ ធ្វើឲ្យព្រំដែនប្រកបដោយសុខសន្តិភាព ស្ថេរភាព និងពោរពេញដោយការអភិវឌ្ឍន៍ ,ភាគីទាំងពីរបានឯកភាពលើកំណត់ហេតុកិច្ចប្រជុំ រវាងអគ្គមេបព្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាមួយអគ្គសេនាធិការកងទ័ពប្រជាជនឡាវ កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅវៀងចាន់ ,ភាគីទាំងពីរបន្តសហការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមព្រំដែនខេត្តទាំង២ និងការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ដូចជា បទល្មើសជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធជាតិផ្ទុះគ្រប់ប្រភេទ ការបរបាញ់សម្លាប់សត្វព្រៃ ការកាប់ឈើធ្វើជំនួញ និងភាគីយោធាកម្ពុជា-ឡាវ បានសន្យាផ្តល់ពត៌មានឲ្យគ្នាទៅវិញទៅមក នៅគ្រប់ពេលវេលា៕ ដោយ៖ឡុង សំបូរ