អភិបាលខេត្តស្ទឹងត្រែង បានណែនាំកម្មករ និយោជិតទាំងអស់ ចូលរួមថែរក្សារសន្តិសុខសង្គមឲ្យបានខ្ជាប់ខ្ជួន ព្រោះត្បិតកម្មករក៏នឹងត្រូវបានដាក់ឲ្យចូលនិវត្តន៍ ដូចមន្ត្រីរាជការដែរ ក្រោមគោលនយោបាយរបស់ រាជរដ្ឋាភិបាល

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍បែបនេះ ក្នុងពិធីអបអរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករ និយោជិតនៅកម្ពុជា។

ពិធីអបអរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ​នោះ បានរៀបចំធ្វើឡើងដោយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងមកនេះ ក្នុងបរិវេណរោងចក្រកៅស៊ូរបស់ក្រុមហ៊ុន «សុភក្កនីកា អ៊ិនវេសមេន» ដែលមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងកម្មករនិយោជិត មកពីក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនចំការកៅស៊ូ «សលសុភាពាណិជ្ជ និងសុភក្កិនីកា អ៊ិនវេសមេន អាហ្គោអ៊ិនដាសស្ទៀលផ្លេន» ចំនួន២០០នាក់ ផងដែរ។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង លោក បួរ វិរុន បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញ នូវផែនការយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួន ហើយដើម្បីរួមចំណែកក្នុងការអនុវត្ត និងយុទ្ធសាស្ត្រឲ្យទទួលបាន នូវប្រសិទ្ធភាព ជាលទ្ធផលក្នុងឆ្នាំ២០២១ មន្ទីរអនុវត្តការងារបាន ដូចជា វិស័យការងារ មានសហគ្រាសគ្រឹស្ថានសរុប ១៤៦ មានកម្មករ និយោជិត ៣ពាន់ ៧៨៩នាក់ ស្រី ១ពាន់ ៣៥១នាក់, វិស័យអប់រំបានហ្វឹកហ្វឺនកូនជាង បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងបានអនុវត្តការងាររបបបេឡាជាតិ សន្តិសុខសង្គម ជូនដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន និងកម្មករនិយោជិតផងដែរ។

លោក បួរ វិរុន បានបន្តទៀតថា លោកធ្លាប់បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុននិមួយៗ ឲ្យអនុវត្តនូវសារាចររបស់ក្រសួងការងារ ដើម្បីជួយកម្មករឲ្យអនុវត្តច្បាប់ការការឲ្យបានត្រឹមត្រូវ មានការងារធ្វើ និងមានជីវភាពកាន់តែល្អប្រសើរឡើង ព្រោះនៅតាមក្រុមហ៊ុននិមួយៗ មានបញ្ជីរបបបេឡាជាតិសន្តិសុខសង្គម «ប.ប.ស» ដែលជាគោលនយោបាយរបស់ រាជរដ្ឋាភិបាល សម្រាប់អត្ថប្រយោជន៍ អនាគតកម្មករ។

អភិបាលខេត្តស្ទឹងត្រែង​ លោក ស្វាយ សំអ៊ាង បានថ្លែង កោតសរសើរ និងណែនាំដល់ដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវបន្តជម្រុញដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹស្ថាននានា ឲ្យអនុវត្តច្បាប់ ស្តីពី ការងារឲ្យទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីធានាបាន នូវការលើកកម្ពស់សន្តិសុខ សេ្ថរភាពសង្គម និងបង្កលក្ខណៈងាយស្រួលដល់វិនិយោគគិន។

លោកអភិបាលខេត្ត បានថ្លែង ដាស់តឿនកម្មករ និយោជិតទាំងអស់ ដែលកំពុងបំពេញការងារនៅតាមបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុននានា គាប្បីនាំគ្នាថែរក្សារសន្តិសុខសង្គម ចៀសវាងកុំប្រមូលផ្តុំគ្នាបង្កើតរឿងរាវ ឬប្រឆាំងតវានាំអ្វីមួយ ដែលនាំឲ្យខាតផលប្រយោជន៍ខ្លួន ព្រោះថា បច្ចុប្បន្ន គោលនយោបាយរបស់ រាជរដ្ឋាភិបាល តម្រូវឲ្យកម្មករ និយោជិតទាំងអស់ មានអតីតភាពការងារ បានចូលនិវត្តន៍ដូចមន្ត្រីរាជការអញ្ចឹងដែរ។

លោក ស្វាយ សំអ៊ាង បានថ្លែង ចាត់ទុកថា សន្តិសុខសង្គម គឺជាវិថីដ៏ល្អ សំរាប់ជួយនាំផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍ ដូចនេះ បងប្អូនកម្មករ ក៏ដូចជាម្ចាស់ក្រុមហ៊ុន សហគ្រាស  ត្រូវរួមគ្នាគោរពច្បាប់ការងារ និងត្រូវប្រកាន់ជំហរទទួលខុសត្រូវគ្រប់លក្ខខណ្ឌការងារ ហើយរួមគ្នាធ្វើការងារនៅក្នុងប្រទេស ព្រោះត្បិត រាជរដ្ឋាភិបាល បានប្រឹងប្រែងបង្កើតការងារ ដើម្បីជួយដល់យើងទាំងអស់គ្នា រកបាននូវប្រាក់ចំណូល សំរាប់ដោះស្រាយជីវភាពកាន់តែប្រសើឡើងថែមទៀត៕ ដោយ៖ឡុង សំបូរ