សម្តេចក្រឡាហោម ស ខេង អំពាវនាវដល់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គ្រាដែលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានចូលមកដល់ ៤ថ្ងៃទៀតខាងមុខនេះ

0

ខេត្តព្រះវិហារ៖ ប្រសាសន៍អំពាវនាវរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងគ្រាដែលសម្តេច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វេទិកាអុំទូក និងសំណង់សិល្បៈការផ្សេងៗ ដែលមានមានតម្លៃ ២ពាន់ ៦រយ ៣លានរៀល ស្មើ៦៥ម៉ឺនដុល្លារអាមេរិក ស្ថិតនៅក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងពិធីនោះទៀត ក៏មានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោក មាស សុភា ,អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា ,អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ , ​និងអភិបាលខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក វិល័យវង ប៊ូដាខា រួមទាំងគណៈប្រតិភូអមដំណើរ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តព្រះវិហារ លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស ,យុវជន ស.ស.យ.ក សិស្សកាយរិទ្ធ យុវជនកាកបាទក្រហមខេត្ត និងប្រជាពលរដ្ឋជាង ៧០០នាក់។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ អំពាវនាវដល់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលមានអាយុត្រូវបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ នឹងត្រូវឈានចូលមកដល់នៅ ៤ថ្ងៃទៀតខាងមុខនេះ និងការបោះឆ្នោត នឹងត្រូវធ្វើឡើងរយៈពេល ១ថ្ងៃពេញ គឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

សម្តេចក្រឡាហោម ស ខេង​ មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ ពិតជាមានសារសំខាន់ណាស់ បើនិយាយពីគណបក្ស ក្នុងពេលតែមួយ ត្រូវតែយកជ័យជំនះឲ្យបានពីរ គឺ ១.សម្រាប់គណបក្ស និង២.សម្រាប់ប្រទេសជាតិ រដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជន កំពុងកាន់អំណាច ដែលជាការពិតមានយន្តការ គណៈកម្មាការជាតិរៀបចំការបោះឆ្នោតជាអ្នករៀបចំ ប៉ុន្តែ បើគ្មានការគាំទ្រ ការជួយជ្រោមជ្រែងពីរដ្ឋាភិបាល តាមកាតព្វកិច្ច និងភារកិច្ចដែលច្បាប់បានចែងទេ នោះគណៈកម្មាការជាតិរៀបចំការបោះឆ្នោតមិនអាចធ្វើអ្វីបានទេ ហើយការបោះឆ្នោតមិនអាចដំណើរការបានជោគជ័យទេ ដែលពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ដូចជាការកើតអំពើហឹង្សា ឬក៏មានការបន្លំសន្លឹកឆ្នោត តាមរយៈការបង្កអសន្តិសុខ ឬក៏ហានីភ័យផ្សេងៗ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា ក្នុងឋានៈជាពលរដ្ឋកម្ពុជា ហើយជាសមាជិកបក្ស ជាគណបក្សណាក៏ដោយ ក៏មានភារកិច្ចដូចគ្នា គឺសម្រាប់គណបក្ស និងពួកគាត់មានភារកិច្ចចូលរួមលើកស្ទួយកិត្តិយស កិត្យានុភាពរបស់កម្ពុជា កាលណាដំណើរការបោះឆ្នោតវាល្អ ឯគណបក្សដែលកាន់អំណាច វារឹតតែសំខាន់ជាងទៀត ហើយកម្ពុជា បានបោះឆ្នោត ១៦ដងហើយ ក្នុងនោះ បោះឆ្នោតផ្ទាល់ ច្រើនជាងបោះឆ្នោតមិនផ្ទាល់ បោះឆ្នោតមិនផ្ទាល់ ៦ដង ក្នុងនោះបោះឆ្នោតព្រឹទ្ធសភា ៣ដង បោះអសកល (បោះមិនផ្ទាល់)។ ដូច្នេះ មានតែគណបក្សប្រជាជនទេ ដែលកាន់អំណាចបានយូរជាងគេ តាមរយៈការបម្រើ ការពារអាយុជីវិតប្រជាពលរដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

សម្តេចក្រឡាហោម ស ខេង បានថ្លែង ក្រើនរំលឹក គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធដែលមានការពាក់ព័ន្ធ និងកម្លាំងប្រជាការពារ ត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងរលូនដោយគ្មានអំពើហឹង្សា ជាពិសេស ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងរកការជម្រុញ ឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជា មានការជួយដូរគ្រឿងញៀន ជាពិសេស គ្រឿងញៀនសំយោគ។ សម្តេច មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺនៅតែបន្តរក្សាគោលការណ៍ កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍បន្តទៅទៀត។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាព ធ្វើឲ្យកម្ពុជាមានឱកាស ឬដណ្តើមបានឱកាសមាស ឱកាសពេជ្រ ដើម្បីកសាងប្រទេសជាតិ ប្រកបដោយការអភិវឌ្ឍន៍ ហើយឥឡូវនេះយើងមានសុខសន្តិភាព ស្ថិរភាពពេញលេញ ដូច្នេះ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រើប្រាស់នូវឱកាសដ៏ល្អនេះ គឺជាការចាំបាច់សម្រាប់យើងទាំងអស់គ្នា។

សម្តេចក្រហោម ស ខេង បានថ្លែង ចាត់ទុកសំណង់វេទិកា និងសិល្បៈការនានា ដែលសាងសង់ក្នុងតម្លៃជាង ៦០ម៉ឺនដុល្លារនាពេលនេះ គឺមានតម្លៃសម្រាប់ការលើកកម្ពស់ប្រពៃណី វប្បធម៌ សិល្បះ និងកីឡា ព្រោះជាភូមិសាស្ត្រដែលជាប់នឹងព្រំដែនឡាវ ដូច្នេះ ជាឱកាសមួយអាចនឹងឲ្យប្រជាជនទាំងសងខាង (ប្រទេសទាំងពីរ) មានពេលជួបគ្នាបានច្រើន។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងថា សំណង់វេទិកាអុំទូក និងសិល្បៈការនានា ដែលបានសាង់សង់រួចរាល់នាពេលនេះ ធ្វើឡើងដើម្បីជំនួសឲ្យសំណង់វេទិកាអុំទូក ដែលមានសភាពចាស់ទ្រុឌទ្រោម ចាំបាច់ត្រូវសាងសង់ថ្មី ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ទើបយើងទទួលបាននូវព្រឹត្តិការណ៍ថ្មី ដើម្បីសម្រួលដល់ខេត្តព្រះវិហារ ដែលតែងតែរៀបចំពិព័ណ៌វប្បធម៌ ការប្រកួតកីឡា និងការប្រណាំងទូកមិត្តភាពរួមគ្នាប្រចាំឆ្នាំ ដោយផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះជាមួយខេត្តចម្ប៉ាសាក់  ចាប់ពីឆ្នាំ ២០១៤នោះមក ។

លោក ប្រាក់ សុវណ្ណ បានថ្លែង ចាត់ទុកការសាងសង់វេទិកា និងសំណង់សិល្បៈការផ្សេងៗនៅទីនេះ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តទាំងពីរ គឺខេត្តព្រះវិហារកម្ពុជា និងខេត្តចំប៉ាសាក់ឡាវ ក៏ដូចជា សម្រាប់ប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលបានជួយលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាមុខមាត់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ផងដែរ៕ដោយ៖ឡុង សំបូរ