គណៈប្រតិភូខេត្តព្រះវិហារ កម្ពុជា ចូលរួមក្នុងពិធីបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមប៉ុលពត នៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម

0

ខេត្តយ៉ាឡាយ ៖ អភិបាលរងខេត្តព្រះវិហារ កម្ពុជា លោក យុង គឹមហ៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមរំលែកមរណទុក្ខ ក្នុងពិធីបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យតស៊ូធ្វើសឹកសង្គ្រាមជាមួយរបបប៉ុល ពត នៅក្នុងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៤ឧសភាឆ្នាំ២០២២ កន្លងមកនេះ។

អភិបាលរងខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានថ្លែងថា ក្រោយវិបត្តិជាសកល នៃជំងឺកូវីដ-១៩ បានល្អប្រសើរឡើងវិញនោះ រដ្ឋបាលខេត្តព្រះវិហារ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយជំនាញរុករកអដិ្ឋធាតុយុទ្ធជន នៃខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងបានរួមដំណើរក្នុងការបញ្ជូនអដិ្ឋធាតុ នៃយុទ្ធជនពលីវៀតណាម ចំនួន ១៨អដ្ឋិធាតុ ឆ្ពោះទៅកាន់ស្រុកដឹកកឺ ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបន្តចូលរួមក្នុងការបញ្ចុះអដិ្ឋធាតុនៅទីនោះ ផងដែរ។

លោក យ៉ុង គឹមហ៊ាន​ បានបន្តថា រដ្ឋបាលខេត្តព្រះវិហារ កម្ពុជា នឹងបង្កើនកិច្ចសហ ប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ នៅក្នុងសកម្មភាពរុករកអដិ្ឋធាតុ នៃយុទ្ធជនពលីស្ម័គ្រចិត្តវៀតណាម ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ជាបន្តទៀត។ ហើយក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃប្រជាជននៅទូទាំងខេត្តព្រះវិហារ សូមសម្ដែងនូវការសោកស្ដាយ និងអាល័យអាឡោះជាពន់ពេក ចំពោះយុទ្ធជន យុទ្ធនារី កម្មាភិបាល និងវិរៈជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងអង់អាចក្លាហាន ក្នុងការរំដោះប្រទេសនិងប្រជាជនកម្ពុជា ចេញពីរបបយុងឃ្នង ដែលបានធ្វើពលីកម្ម បូជាជីវិតនៅលើសមរភូមិ នៃទឹកដីខេត្តព្រះវិហារ ក៏ដូចជា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងមូល។

លោក យុង គឹមហ៊ាន បានថ្លែង ចាត់ទុកការធ្វើពលីកម្មជីវិតរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម នៅលើទឹកដីកម្ពុជា គឺជាគុណូបការៈគុណដ៏ធំធេងមកលើកម្ពុជា ហើយថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា សូមចូលរួមរំលែកនូវទុក្ខសោក និងមហាក្រៀមក្រំនេះ ជាមួយនឹងប្រជាជនវៀតណាមផងដែរ។

លោក យុង គឹមហ៊ាន សន្យាថា រដ្ឋបាលខេត្តព្រះវិហារ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ដើម្បីបង្កើនកិច្ចទំនាក់ទំនងល្អ និងការចងសម្ព័ន្ធមេត្រីភាព រវាងកម្ពុជា និងវៀតណាម ឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេជាអមតៈ ៕ដោយ៖ឡុង សំបូរ