អតីតបេក្ខជនបក្សភ្លើងទៀនពីររូប បានមកសុំចូលរួមក្នុងជីវភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ស្របពេលដែលយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ កំពុងដំណើរការទៅយ៉ាងរលូន

0

ខេត្តព្រះវិហារ៖ នៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ របស់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកឆែប ខេត្តព្រះវិហារ ដែលមានលោក សុខ សាន្តដារ៉ា ជាប្រធាន ចាប់ពីថ្ងៃ២១ឧសភា មកដល់ថ្ងៃ២៦ឧសភា២០២២នេះ មានរយៈពេល ១សប្តាហ៍ហើយ និងការឃោសនានោះ បានដំណើរការទៅយ៉ាងរលូន ពុំមានអ្វីដែលជាឧសបសគ្គនោះឡើយ។

នៅក្នុងយុទ្ធនាការរកសម្លេងឆ្នោតនោះ គណៈកម្មាធិការបក្សប្រជាជនស្រុកឆែប ត្រូវគេឃើញ បានចុះដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ និងបានពន្យល់ថ្នាក់ដឹកនាំបក្សប្រជាជននៅក្នុងមូលដ្ឋាន បន្តពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យចំណាំនិងចេះគូសសន្លឹកឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានដំណើរការទៅក្នុងរយៈពេល ១សប្តាហ៍មកនេះ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកឆែប ខេត្តព្រះវិហារ​ លោក សុខ សាន្តដារ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យជឿតាមការឃោសនា អូសទាញរបស់គណបក្សនយោបាយឯទៀតឲ្យសោះ ហើយត្រូវចេះថ្លឹងថ្លែង និងជឿលើអ្វីដែលបានឃើញជាក់ស្តែងទៅបានហើយ។

លោក សុខ សាន្តដារ៉ា បានបញ្ជាក់ថា មានបក្សនយោបាយជាច្រើន ដែលតែងដើរឃោសនា និងសន្យាខ្យល់ តែទីបំផុតមិនមានឃើញ ជួយអ្វីមកដល់សង្គមជាតិ ប្រជាជន និងការអភិវឌ្ឍមូលដ្ឋាននោះឡើយ គឺមានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ ដែលនិយាយពិត ធ្វើពិត អភិវឌ្ឍន៍ប្រទេស តាំងពីដើមរៀងមក។

លោក សុខ សាន្តដារ៉ា បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្ស មិនដែលសន្យាខ្យល់នោះទេ ទន្ទឹមនឹងនេះ សម្តេចតេជោ បានកសាងសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ជូនប្រជាពលរដ្ឋ តាំងពីបាទដៃទទេ រហូតមកដល់សព្វថ្ងៃនេះ។

ប្រធានគណបក្សប្រជាជនស្រុកឆែប លោក សុខ សាន្តដារ៉ា បានអំពាវនាវប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពដឹកនាំ និងកសាងប្រទេស ឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន ថែមទៀត។

គួរបញ្ជាក់ថា នៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល ១សប្តាហ៍នេះ គណៈកម្មាធិការគណបក្សប្រជាជនស្រុកឆែប ដែលដឹកនាំដោយ លោក សុខ សាន្តដារ៉ា បានចុះចែកអាវយ៉ឺត មួក និងស្ទិគ័របក្ស ទុកពាក់និងបិទនៅតាមផ្ទះ។  ជាក់ស្តែង នៅក្នុងឃុំសង្កែមួយ បក្សប្រជាន បានផ្តល់អាវយ៉ឺត ១០០ ,មួក ១០០ និងស្ទិគ័របក្ស ៣៨០សន្លឹក និងឃុំឆែបមួយ បានផ្តល់ជូន អាវយ៉ឺត ១០០ ,មួក ១០០ និងស្ទិគ័របក្ស ៣០០សន្លឹក នៅថ្ងៃ២៥ឧសភាម្សិលមិញ។

ដោយឡែក នៅក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ឯណោះវិញ អតីតបេក្ខជនឈរឈ្មោះជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ របស់ គណបក្សភ្លើងទៀនពីររូប គឺម្នាក់ឈ្មោះ ពន់ ថោន អាយុ ៧០ និងម្នាក់ទៀត ឈ្មោះ សៀង ភារិទ្ធិ អាយុ ៣៥ឆ្នាំ បានសម្រេចចិត្តលាឈប់ពីបេក្ខជនឈរឈ្មោះ គណបក្សភ្លើងទៀន ក្រោយពីបានជ្រួតជ្រាប ពីគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ហើយបានមកសុំចូលរួមក្នុងជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជន ព្រោះបក្សប្រជាជន និយាយពិត ធ្វើពិត ដឹកនាំ និងកសាងប្រទេស ឲ្យមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងកសាងបាននូវ សុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនយ៉ាងពិតប្រាកដ៕ដោយ៖ឡុង សំបូរ