ស្រុកខូង ខេត្តចំប៉ាសាក់ឡាវ ៖ អភិបាល នៃគណៈអភិបាលខេត្ត ៣របស់កម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងកិច្ចពិភាក្សាលើខ្លឹមសាររួមមួយ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមគ្នា ជាពិសេស វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
គណៈអភិបាលខេត្តទាំង ៣របស់កម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីឡាវនោះ គឺខេត្តព្រះវិហារ ,ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលជាខេត្តជាប់ព្រំដែនឡាវ ដោយបានធ្វើឡើងតបតាមការអញ្ជើញរបស់ អភិបាលខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅក្នុងស្រុកខូង ខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
គណៈប្រតិភូខេត្តព្រះវិហារ ដឹកនាំដោយ លោក ប្រាក់ សុវណ្ណ ,ខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក ស្វាយ សំអ៊ាង និងខេត្តរតនគិរី ដឹកនាំដោយ លោក ញ៉ែម សំអឿន ដែលជាអភិបាល នៃគណៈអភិបាលខេត្ត ដែលស្ថិតនៅភាគខាងជើង និងឦសាន្តកម្ពុជា។
នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក ផនខាំ វីផាវ៉ាន បានសម្តែងការអរគុណជាពន្លឹកចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជូន នូវវ៉ាក់សាំងកូវីដ-១៩ រថយន្តផ្ទុកវ៉ាក់សាំង ក៏ដូចជា ថវិកា ក្នុងការផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ ។
លោកនាយករដ្ឋមន្ត្រីឡាវ ផនខាំ វីផាវ៉ាន បានថ្លែង ដោយបានបង្ហាញពីភាពស្និទ្ធស្នាល ក្នុងការរឹតចំណងមិត្តភាពជិតស្និទ្ធ និងរាក់ទាក់បំផុត រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ក៏ដូចខេត្តដែលនៅជាប់ព្រំដែនរួមគ្នា និងលោកនាយករដ្ឋមន្ត្រី បានជំរុញឲ្យមានការលើកកម្ពស់កិច្ចទំនាក់ទំនង រវាងកម្ពុជា-ឡាវ ឲ្យឈានដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់គ្រុងជ្រោយ និងយូរអង្វែង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ ,សន្តិសុខ ,សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក ផនខាំ វីផាវ៉ាន បានជំរុញអភិបាលខេត្តទាំងពីររបស់ឡាវ ដែលនៅជាប់ព្រំដែនកម្ពុជា គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ ត្រូវរួមសហការគ្នាជាមួយ ខេត្តព្រះវិហារ ,ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ត្រូវកសាងឲ្យបាន នូវការពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្ត និង ខេត្ត ដើម្បីបម្រើផលប្រយោជន៍គ្នាទៅវិញទៅមក ឲ្យបានកាន់តែល្អប្រសើរ ថែមទៀត។
លោកនាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ថា ទាំងអស់ខាងលើនេះ គឺជាការឆ្លើយតបនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដាក់ចេញយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាឲ្យខ្សែព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ដោយ៖ឡុង សំបូរ