សមត្ថកិច្ចខេត្តព្រះវិហារ ឃាត់រថយន្តយីឌុបមួយគ្រឿង ក្នុងចំណោមបីគ្រឿងរបស់ក្រុមហ៊ុនដោន ដើម្បីត្រួតពិនិត្យរកភាពត្រឹមត្រូវ ក្រោយសង្ស័យថា រថយន្តនេះបានដឹកជញ្ជូនឈើមិនស្របច្បាប់ ចេញពីតំបន់ការពារព្រៃឈើនានារបស់រដ្ឋ

0

ខេត្តព្រះវិហារ៖ ប្រតិបត្តិការឃាត់រថយន្តយីឌុប ដឹកឈើរបស់ក្រុមហ៊ុនដោន ដើម្បីត្រួតពិនិត្យរកភាពត្រឹមត្រូវតាមផ្លូវច្បាប់នោះ បានធ្វើឡើងនៅម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៧ឧសភាឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិចំការស្រមូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមចំណាត់ការពីកម្លាំងរដ្ឋបាលព្រៃឈើត្បែងមានជ័យ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយការឃាត់រថយន្តប្រភេទវេអង ១គ្រឿង ក្នុងចំណោម ៣គ្រឿងនោះមក សមត្ថកិច្ចបានរកឃើញ ឈើជ្រុងជាច្រើនប្រភេទ ជាច្រើនម៉ែត្រគូប និងអ្នកបើកបររថយន្តបានបង្ហាញប៉េសេ (PC) ដែលអនុញ្ញាតឲ្យដឹកជញ្ជូនឈើ ពីមន្ត្រីជំនាញនៅក្នុងមូលដ្ឋាន។ ក្រោយការពិនិត្យរួច កម្លាំងសមត្ថកិច្ចបានអនុញ្ញាតឲ្យរថយន្តដឹកឈើរបស់ ក្រុមហ៊ុនដោន បន្តទៅមុខដោយរលូន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនដោននេះ ពុំមានឈើធំៗដែលនៅសេសសល់ សម្រាប់ការកាប់ អារ ពុះ និងជ្រៀក ដើម្បីដឹកជញ្ជូនយកទៅធ្វើអាជីវកម្មទៀតនោះទេ។ ចំណែក ដំណើរការដឹកឈើធ្វើជំនួញតាមរថយន្តប្រភេទយីឌុប វេអងសព្វថ្ងៃនេះ នៅតែអាចបន្តទៅបាន ក៏ព្រោះក្រុមហ៊ុនដោននេះ បានបោះលុយទិញរណារយន្ត និងបំផុសឲ្យប្រជាពលរដ្ឋ ឲ្យចូលកាប់ និងដឹកជញ្ជូនឈើគ្រប់ប្រភេទ ចេញពីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ព្រៃព្រះរការ និងព្រៃការពាររបស់រដ្ឋនានា ដឹកជញ្ជូនតាមគោយន្តកន្ត្រៃ និងរថយន្តកែច្នៃ នាំចូលមកក្នុងក្រុមហ៊ុន ហើយបម្លែងឈើទាំងនោះ ឲ្យក្លាយជាឈើស្របច្បាប់ រួចដឹកជញ្ជូនតាមរថយន្តខ្នាតយក្សឆ្លងខេត្ត យកទៅកាន់ខេត្តគោលដៅលក់ទិញឈើទាំងនោះ បានយ៉ាងរលូន។

ប្រភពដដែលបានឲ្យដឹងទៀតថា ឈើដែលផ្ទុកនៅក្នុងរថយន្ត ១គ្រឿង ច្បាប់អនុញ្ញាតឲ្យធ្វើការដឹកជញ្ជូនមានចំនួនតែ ១៦ម៉ែត្រគូបប៉ុណ្ណោះ តែរថយន្តរបស់ក្រុមហ៊ុនដោន បានផ្ទុកឈើទូលដល់ដំបូលទ្រុងផ្នែកខាងលើ បើតាមការប៉ាន់ប្រមាណយ៉ាងហោច មានចំនួនពី ២៥ទៅ ៣០ម៉ែត្រគូបត្រីគុណ ឯណោះ។

ក្រុមហ៊ុនដោន (CAMBODIA DAWN PLANTATION LTD ) មានមូលដ្ឋាននៅក្នុង ភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រុមហ៊ុននេះ គេបានដាក់ការសង្ស័យថា បាននិងកំពុងប្រព្រឹត្តវិធីកន្ទេលធំបន្លំដេក ដោយបានប្រើប្រាស់ប្រជាពលរដ្ឋឲ្យចូលទៅកាប់ និងដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ចេញពីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលស្ថិតនៅក្នុងឃុំយាង និងដែនជម្រកសត្វព្រៃព្រះរការ ត្រង់ចំណុចភូមិក្បាលដំរី និងភូមិរបុញ ស្ថិតក្នុងឃុំមរកត ,ភូមិត្មាតប៉ើយ ភូមិក្រឡាពាស ស្ថិតក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជុំវិញរងការចោទថា ក្រុមហ៊ុនដោន បានធ្វើសកម្មភាពប្រមូលទិញឈើដោយមិនស្របច្បាប់ ពីដែនព្រៃនានាការពារដោយរដ្ឋ ចូលមកក្នុងក្រុមហ៊ុននោះ នាយកដែនជម្រកសត្វព្រៃព្រះរការ លោក យ៉ាន់ ប៊ុនសឿង បានអះអាងប្រាប់អ្នកសារព័ត៌មានថា មិនមានឈើខុសច្បាប់ ដឹកចេញពីដែនព្រៃការពារខាងលើនោះទេ ពិសេស នៅក្បាលដំរី មានមន្ត្រីក្រោមឱវាទរបស់លោក ២ក្រុម ប្រចាំការនៅទីនោះជាប្រចាំ។ ដោយឡែក នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លោក ឃាង វិរិ ទូរស័ព្ទទៅជាច្រើនដង តែខលមិនចូល។

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រុមហ៊ុនដោនពិតជាមានស្តុកឈើជាង១ពាន់ម៉ែត្រគូបនោះមែន ហើយក៏កំពង់ត្រៀមកាត់ប៉េសេរ (PC) ដើម្បីដឹកឈើទាំងនោះចេញពីក្នុងក្រុមហ៊ុន ។

សកម្មជនការពារព្រៃឈើ បានស្នើដល់អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ គួរមានវិធានការ ឬចំណាត់ការរឹតបន្តឹង លើសកម្មភាពកាប់បំផ្លាញធនធានធម្មជាតិ ព្រៃឈើ របស់ក្រុមឱកាសនិយម ឲ្យបានម៉ឺងម៉ាត់បំផុត ពុំនោះទេ ព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះ នឹងការងការវិនាសហិនហោចអស់ជាក់ជាពុំខានឡើយ៕ ដោយ៖ឡុង សំបូរ