អាជ្ញាធរខេត្តព្រះវិហារ បានផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកពីរ ដើម្បីប្រើប្រាស់ និងការបង្កបង្កើនផលដោយស្របច្បាប់

0

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋជិត ៥០០គ្រួសារ នៅក្នុងស្រុកពីរ នៃខេត្តព្រះវិហារ គឺស្រុកគូលែន និងស្រុកឆែប ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីដោយស្របច្បាប់ ពីប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក សំ សារឿន ដែលជាតំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១មិថុនាឆ្នាំ២០២២។

ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ លោក សំ សារឿន បានថ្លែងថា ប្រជាពលរដ្ឋដែលត្រូវទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ពីអាជ្ញាធរខេត្ត នាពេលនេះ មានចំនួន ៤៤៥គ្រួសារ នៅក្នុងស្រុកពីរ គឺ នៅក្នុងឃុំថ្មី ស្រុកគូលែន មានចំនួន ១៣៤គ្រួសារ និង នៅក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប មានចំនួន ៣១១គ្រួសារ។

លោក សំ សារឿន បានថ្លែងទៀតថា ការផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនដល់បងប្អូន ប្រជាពលរដ្ឋទាំង ៤៤៥គ្រួសារ នៅពេលនេះ គឺដោយសារមានការគិតគូ និងយកចិត្តទុកដាក់ដល់ភាពសុខទុក្ខ ក៏ដូចជីវភាពរស់នៅរបស់បងប្អូនពី អភិបាលខេត្ត លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ ក៏ដូចថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកទាំងអស់ ផងដែរ។

លោក សំ សារឿន បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិដីនេះ គឺមានតម្លៃយ៉ាងមហាសាល គឺជាបណ្ណដែលមានការធានាត្រឹមត្រូវតាមផ្លូវច្បាប់ពីអាជ្ញាធរ ហើយបណ្ណកម្មសិទ្ធដីនេះមានអំណាច ៤យ៉ាង គឺ ១-ពេលត្រូវកម្តៅថ្ងៃ ចេញរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ,២- ពេលយើងយកទៅហ្វូតូកូពី គឺវាចេញមកកូពីតែម្តង ,៣- មានលេខកូដ៨ខ្ទង់ និង ៤- មាន QR code ដែលមានបញ្ជាក់នូវព័ត៌មាន និងអត្តសញ្ញាណច្បាស់លាស់ នៃម្ចាស់កម្មសិទ្ធិ ជាពិសេស អាចឱ្យយើងយកទៅប្រើប្រាស់លើការដាក់បញ្ចាំ យកលុយមកពង្រីកមុខរបរផ្សេងៗ មានភាពងាយស្រួល ផងដែរ។

លោក សំ សារឿន បានថ្លែង ដាស់តឿនប្រជាពលរដ្ឋទាំងអស់ នៅពេលដែល​ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនេះទៅ ត្រូវយកទៅប្រើប្រាស់ឱ្យសមស្របទៅតាមច្បាប់ ដែលបានកំណត់ ពិសេស ត្រូវទុកដាក់ថែរក្សាបណ្ណនេះឱ្យបានល្អ និងសូមកុំយកបណ្ណនេះទៅអ៊ុតរឹង ដូចអត្តសញ្ញាណបណ្ណឱ្យសោះ។ ហើយបណ្ណកម្មសិទ្ធិដីដែលបងប្អូនទទួលបាននៅពេលនេះ គឺបានកើតចេញពីកិច្ចខិតខំរួមគ្នា រវាងមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេស អាជ្ញាធរខេត្ត ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ បានសម្តែងការត្រេកអរ និងការអរគុណជាអនេក ដល់មន្ត្រីដែនដីខេត្ត អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាពិសេស សូមអរគុណជាពន្លឹកចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានយកហរទ័យគិតគូដល់ភាពសុខទុក្ខរបស់ពួកគាត់ ក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ហើយពួកគាត់បានសន្យាថា នឹងទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់លទ្ធភាពឲ្យ សម្តេចតេជោ បន្តដឹកនាំប្រទេស ប្រកបដោយការអភិវឌ្ឍ ក្រោមម្លប់នៃសុខសន្តិភាពជានិរន្តន៍៕ ដោយ៖ឡុង សំបូរ