គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រកាសទទួលស្គាល់សមាជិកថ្មីជាង ៦០នាក់ មកពីគណបក្សនយោបាយពីរ នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ សមាជិកថ្មីទាំង ៦២នាក់ ដែលគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ប្រកាសទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៅពេលនេះ គឺជាសមាជិកមកពីគណបក្សភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ ដែលមកពីតាមបណ្តាឃុំនានា ក្នុងស្រុកសង្គមថ្មី និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីបញ្ចូលសមាជិកថ្មីទាំង ៦២នាក់នេះ បានធ្វើឡើងក្រោមវត្តមាន លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងមានការចូលរួមពីលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ,លោក ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកជាំក្សាន្ត ព្រមទាំងក្រុមការងារថ្នាក់កណ្តាល និងមន្ត្រីថ្នាក់មូលដ្ឋានជាច្រើនរូបទៀត ផងដែរ។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២មិថុនាឆ្នាំ២០២២ នៅក្នុងបរិវេណ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជាំក្សាន្ត។

សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា លោក មាស សុភា បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក សមាជិកា និងប្រជាជនកម្ពុជា ជានិច្ច។

លោក មាស សុភា បានមានប្រសាសន៍ទៀតថា «ថ្ងៃនេះយើងទទួលសមាជិកថ្មី មកពីគណបក្សនយោបាយចំនួន២ មានចំនួន ៦២នាក់ គឺ គណបក្សភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ» ដែលបានមកសុំចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែពួកគាត់ បានមើលឃើញយ៉ាងច្បាស់ ពីល្បិចកលនយោបាយបោកប្រាស់របស់បក្សខ្លួន ទើបសម្រេចចិត្តមកសុំរួមរស់ក្នុងជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ។

លោក មាស សុភា មានប្រសាសន៍ទៀតថា ការសម្រេចចិត្តរបស់បងប្អូននៅក្នុងពេលនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា និយាយពិត ធ្វើពិត ជាគណបក្សចាស់ទុំមួយ  មានប្រវត្តិតស៊ូជាយូរលង់មកហើយ និងបក្សប្រជាជន បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បើគិតមកដល់ពេលនេះ បក្សមានអាយុកាល ៧១ឆ្នាំហើយ ដោយបានតស៊ូរំដោះប្រជាតិគ្រប់កាលៈទេសៈ ជាពិសេស បក្សប្រជាជន បានកើតចេញពីវណ្ណះកម្មករ និងកសិករសុទ្ធសាធ។

លោក មាស សុភា បានអំពាវនាវដល់សមាជិកថ្មី ក៏ដូចសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ត្រូវការពារសុខសន្តិភាព ដែលយើងរកបានមកដោយលំបាក ត្រូវប្រឆាំងចំពោះបុគ្គលណា ឬ ក្រុមណា ដែលមានបំណងបំផ្លាញសុខសន្តិភាព ឲ្យបានដាច់ខាត និងត្រូវបន្តគាំទ្រគោលនយោបាយ គណបក្សប្រជាជនកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងសូមកុំភ្លេចអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យទី៥ មិថុនា ឆ្នាំ២០២២ ខាងមុខនេះកុំខាន៕ ដោយ៖ឡុង សំបូរ