ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានធ្វើឡើងក្នុងគ្រាដែលលោកឧត្តមសេនីយ៍ អញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែឧសភា ឆ្នាំ២០២២ និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី២មិថុនាឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំនោះផងទៀត លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារយោធា នាពេលកន្លងមក ដែលអង្គភាពសឹករងខេត្ត ក៏ដូចអង្គភាពចំណុះតំបន់ប្រតិបត្តិការសឹកទាំងអស់ សម្រេច និងអនុវត្តបានយ៉ាងល្អប្រសើរ ប៉ុន្តែ ក៏នៅមានកិច្ចការងារជាច្រើនទៀត ដែលត្រូវបន្តអនុវត្តឲ្យបានជោគជ័យ នាពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ដាស់តឿនដល់កងទ័ព ដែលស្ថិតនៅក្នុងអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ប្រជាពលរដ្ឋ កុំឲ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ និងឡាវបានឲ្យសោះ ហើយក៏ត្រូវបន្តទប់ស្កាត់បទល្មើសផ្សេងៗទៀត ជាពិសេស បទល្មើសគ្រឿងញៀនឆ្លងដែន និងការរត់ពន្ធមនុស្សជាដើម។ល។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានក្រើនរំលឹកដល់នាយទាហានទាំងអស់ ត្រូវត្រៀមបើកយុទ្ធនាការ ចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ( ដូសជំរុញ រឺ ដូសទី៥ ) ជូនដល់កងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជន ក្នុងភូមិសាស្ត្រខេត្ដព្រះវិហារ នាពេលខាងមុខនេះ ដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់បំផុត៕ ដោយ៖ឡុង សំបូរ