យុទ្ធនាការឃោសនារកសម្លេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅខេត្តស្ទឹងត្រែង បានបិទបញ្ចប់ទៅដោយរលូន ដោយគ្មានការតវ៉ា និងគ្មានការផ្ទុះអំពើហឹង្សានោះទេ

0

ខេត្តស្ទឹងត្រែង៖ ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត ខេត្តស្ទឹងត្រែង លោក ហង់ កុង បានថ្លែងឲ្យដឹងនៅថ្ងៃ៣មិថុនានេះថា ដំណើរការ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ នៅក្នុងរយៈពេល ២សប្តាហ៍មកនេះ(២១ឧសភា ដល់០៣មិថុនា២០២២) បានប្រព្រឹត្តទៅដោយរលូន ដោយមិនមានកើតឡើងនូវអំពើហឹង្សា ឬការតវ៉ាផ្សេងៗ ពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈ្មោះបោះឆ្នោត ប្រកួតប្រជែងរកសម្លេងឆ្នោត នៅក្នុងខេត្តស្ទឹងត្រែង នេះទេ។

លោក ហង់ កុង បានបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ សម្រាប់ខេត្តស្ទឹងត្រែង មានគណបក្សនយោបាយចំនួន ៦ ដែលចូលរួមប្រកួតប្រជែងរកសម្លេងឆ្នោត គឺ ១.គណបក្សប្រជាជនកម្ពុជា ,២-គណបក្សភ្លើងទៀន ,៣-គណបក្សហ្វុនស៊ិនប៉ិច ,៤-គណបក្សខ្មែររួបរួមជាតិ ,៥-គណបក្សយុវជនកម្ពុជា និង ៦-គណបក្សសញ្ជាតិកម្ពុជា។

លោក ហង់ កុង បានបញ្ជាក់ទៀតថា ក្នុងចំណោមគណបក្សនយោបាយទាំង ៦ គឺមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ប៉ុណ្ណោះ ដែលធ្វើសកម្មភាពដង្ហែក្បួនឃោសនារកសម្លេងឆ្នោត។ លោកបន្តថា នៅក្នុងការឃោសនារកសម្លេងឆ្នោតរយៈពេល ១៤ថ្ងៃមកនេះ បានបិទបញ្ចាប់ទៅដោយរលូន ហើយគណបក្សទាំងអស់ ហាក់ដូចជាមានភាពចាស់ទុំខាងនយោបាយ ដូច្នេះហើយ ទើបគ្មានកើតឡើងនូវអំពើហឹង្សា ឬការតវ៉ាផ្សេងៗនោះ។

ដោយឡែក នៅថ្ងៃទី៣មិថុនា ដែលជាថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅខេត្តស្ទឹងត្រែង ថ្ងៃនេះ មានសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ជាង ៣ពាន់នាក់ បានចូលរួមដង្ហែក្បួនឃោសនារកសម្លេងឆ្នោត ក្រោមវត្តមាន លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តស្ទឹងត្រែង, លោក ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនខេត្តស្ទឹងត្រែង, លោក ហួត ឈាង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែងនិង លោក ឈាង ឡាក់ អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនខេត្តស្ទឹងត្រែង បានដឹកនាំសមាជិក សមាជិកាគណបក្ស បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នៅក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនេះ លោក ស្វាយ សំអ៊ាង បានថ្លែងថា នៅក្នុងរយៈពេល១៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់ បានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ដោយបានជួបសំណេះសំណាល និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកបក្សនៅតាមភូមិ តាមខ្នងផ្ទះ ពិសេស បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីគោលនយោបាយ នៃការអភិវឌ្ឍឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា និងបានណែនាំឱ្យស្គាល់អំពីលេខរៀង គណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។

លោក ស្វាយ សំអ៊ាង បានថ្លែងអំណរគុណ ចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជន នៅក្នុងសង្កាត់ទាំង៥ ក៏ដូចនៅទូទាំងខេត្តស្ទឹងត្រែង ដែលបានចូលរួមក្នុងការឃោសនារកសម្លេងឆ្នោត ក្នុងរយៈពេល ១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោក ឡូយ សុផាត បានមានប្រសាសន៍ ផ្ដាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវខិតខំថែរក្សាសុខភាព កុំពិសារគ្រឿងស្រវឹង កុំចេញទៅណាឆ្ងាយៗ និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយត្រូវត្រៀមឱ្យបានស្រេចបាច់នូវអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ជាពិសេស សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា ដែលមានសញ្ញារូប «ទេវតាបាចផ្កា» ដើម្បីបន្តការថែរក្សាសន្តិភាព ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីជីវភាពសុខសាន្តរបស់ប្រជាជន តទៅមុខទៀត៕ ដោយ៖ឡុង សំបូរ