គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់លើការបោះឆ្នោត ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ន របស់គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ គណៈកម្មាការរៀបចំការបោះឆ្នោត ខេត្តស្ទឹងត្រែង បានបង្ហាញអំពីលទ្ធផលបោះឆ្នោតជាបឋម នៅថ្ងៃទី៦មិថុនាឆ្នាំ២០២២នេះថា គណបក្ស​ប្រជាជនកម្ពុជាខេត្ត បានឈរនៅលើលំដាប់លេខរៀងទី១ ដោយឈ្នះដាច់គេលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ ក្រោយការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ ពីគណបក្សនយោបាយចំនួន ៥ទៀត ក្នុងនោះ មានគណបក្សភ្លើងទៀត ,គណបក្សហ្វុនស៊ិនប៉ិច ,គណបក្សខ្មែររួបរួមជាតិ ,គណបក្សយុវវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា ដែលបានចូលរួមក្នុងការប្រកួតប្រជែងរកសម្លេងឆ្នោត សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ។

ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត ខេត្តស្ទឹងត្រែង លោក ហង់ កុង បានថ្លែងឲ្យដឹងថា ការរាប់សន្លឹកឆ្នោត ត្រូវបានបិទបញ្ចប់ នៅយប់ថ្ងៃ៥មិថុនាម្សិលមិញ ក្រោយប្រជាពលរដ្ឋដែលមានចំនួន ៧ម៉ឺន ៣ពាន់ ៣៦០នាក់ ក្នុងចំណោម ៩ម៉ឺន ៩៦៨នាក់ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាទាំង ៣៤ឃុំ-សង្កាត់ និងការិយាល័យបោះឆ្នោតមានចំនួន ២៣៩ ការិយាល័យ នៅទូទាំងខេត្តស្ទឹងត្រែង។

លោក ហង់ កុង បានថ្លែងឲ្យដឹងទៀតថា ក្រោយបញ្ចប់ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត លទ្ធផលជាបឋម (បណ្តោះអាសន្ន) បានបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយទាំង ៦ ដែលបានចុះឈ្មោះក្នុងបញ្ជី និងបានដំណើរការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់លើបក្ស ៥ទៀត គឺទទួលបានការគាំទ្រពីប្រជាពលរដ្ឋ មានចំនួន ៥ម៉ឺន ៥ពាន់ ៨៩៨សម្លេង ,គណបក្សភ្លើងទៀន ទទួលបាន ១ម៉ឺន ២ពាន់ ៩សម្លេង និងគណបក្សហ្វុនស៊ិនប៉ិច ២ពាន់ ៦៦៣សម្លេង។​ ដូច្នេះ នៅក្នុងខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋ ៧ម៉ឺន ៣ពាន់ ៣៦០នាក់ ស្មើ ៧៨.៨០ភាគរយ ដែលបានអញ្ជើញទៅបោះឆ្នោត។

លោក ហង់ កុង បានបញ្ជាក់ថា ក្រោយពេលបិទបញ្ចប់ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត រហូតមកដល់ម៉ោង ១១ និង៣០នាទី ថ្ងៃទី៦មិថុនាឆ្នាំ២០២២នេះ ពុំមានករណីបណ្តឹងតវ៉ា ជំទាស់ណាមួយនៅ គណៈកម្មាការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ សប )ទាំង ៣៤ នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីតវ៉ាជំទាស់ទៅនឹងលទ្ធផលបឋម តាមការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះឡើយ។

គួរំលឹកថា កាលពីថ្ងៃអាទិត្យទី៥មិថុនាម្សិលមិញនេះ ប្រជាពលរដ្ឋកម្ពុជា គ្រប់ៗរូប បានទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដោយបានទៅបោះឆ្នោតក្នុងទឹកមុខញញឹមញញែម ហើយបានសម្តែងឆន្ទៈគាំទ្រគណបក្សនយោបាយ ដែលពួកគាត់គាំទ្រ ស្រឡាញ់ និងចូលចិត្ត តាមរយៈការគូសសន្លឹកឆ្នោតជូនគណបក្សនយោបាយ ដែលខ្លួនជឿជាក់ និងទុកចិត្ត។

ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង បានសម្តែង សុទិដ្ឋិនិយមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បានធ្វើឡើងដោយតម្លារភាព ការិយាល័យបោះឆ្នោតនីមួយៗ មានរបៀបរៀបរយ រហ័ស មានសណ្តាប់ធ្នាប់ និងមានសន្តិសុខល្អប្រសើរ ហើយប្រជាពលរដ្ឋបានស្ម័គ្រចិត្តមកបោះឆ្នោត ដោយដោយខ្លួនឯង ដោយមិនមានការបង្ខិតបង្ខំ ការបំភិតបំភ័យ ឬការកើតឡើងនូវអំពើហឹង្សាណាមួយ នៅក្នុងគ្រប់មណ្ឌល ឬការិយាល័យបោះឆ្នោត នៅក្នុងខេត្តស្ទឹងត្រែង នេះឡើយ។

ដោយឡែក កម្លាំងនគរបាលខេត្ត ដែលយាមគោលដៅបោះឆ្នោត ក៏បានបញ្ជាក់ថា ទាំងមុន ក្នុងពេល និងនៅក្រោយការបោះឆ្នោត កងកម្លាំងរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ ជូនមណ្ឌលបោះឆ្នោត និងប្រជាពលរដ្ឋដែលបានអញ្ជើញមកបោះឆ្នោត ដូច្នេះ គ្មានអ្វីដែលកើតឡើងគួរឲ្យកត់សម្គាល់នោះទេ៕ ដោយ៖ឡុង សំបូរ