ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកកាំង បានផ្តល់ដៃ និងជើងសិប្បនិម្មិត ដល់ជនពិការ តាមរយៈអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ

0

ខេត្តព្រះវិហារ៖ ជនពិការរាប់សិបនាក់ក្នុងមួយថ្ងៃៗ ត្រូវគេឃើញ បាននាំគ្នាមកទទួលយកដៃ និងជើងសិប្បនិម្មិត ក្រោមការផ្តល់ជូនដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកកាំង ដែលអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មាការទី៥ នៃរដ្ឋសភាជាតិ បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីជួយដល់ពលរដ្ឋដែលជាជនពិការកម្ពុជា មានជីវភាពខ្វះខាត និងគ្មានលទ្ធភាពទិញដៃ និងជើងសិប្បនិម្មិត ដើម្បីយកមកបំពេញអវៈយវៈ សម្រាប់ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនោះ។

នៅថ្ងៃទី១២មិថុនាឆ្នាំ២០២២ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ តំណាងលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ​ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកដៃ និងជើងសិប្បនិម្មិត ជូនដល់ជនពិការក្នុងខេត្តព្រះវិហារ និងខេត្តដែលនៅជាប់ខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាគមប្រឹក្សាសុខភាពពលរដ្ឋ ក្រុមគ្រូពេទ្យកម្ពុជា ក្រុមគ្រូពេទ្យបរទេស និស្សិតពេទ្យ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ផងដែរ។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ​ បានថ្លែងថា នេះជាឱកាសដ៏ល្អបំផុត សម្រាប់បងប្អូនដែលជាជនពិការ ក្នុងការមកទទួលសេវាផ្ដល់ជើង និងដៃសិប្បនិម្មិតដោយឥតគិតថ្លៃ ដើម្បីឱ្យបងប្អូនមានឱកាសប្រកបមុខរបរចិញ្ចឹមជីវិត ការរស់នៅ និងការធ្វើដំណើរបានងាយស្រួល ដូចបងប្អូនដ៏ទៃទៀត ផងដែរ។

លោក គង់ ពុទ្ធិការ​ បានមានប្រសាសន៍ ក្រើនរំលឹកដល់បងប្អូនជនពិការទាំងអស់ គ្រាដែលទទួលបានដៃ និងជើងសិប្បនិម្មិតពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមរិកកាំង តាមរយៈអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារនេះហើយ សូមយកទៅប្រើប្រាស់តាមតម្រូវការ ត្រូវថែទាំឲ្យបានល្អ និងសូមកុំទុកចោល អាចបង្កផលវិបាកដល់ខ្លួនឯងនៅពេលក្រោយ។

លោក គង់ ពុទ្ធិការ​ បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលជាជនពិការដៃជើង នៅក្នុងខេត្តព្រះវិហារ និងខេត្តដែលនៅជាប់ខេត្តព្រះវិហារ សូមប្រញាប់រូសរាន់មកទទួលយកដៃ និងជើងសិប្បនិម្មិត ពីក្រុមគ្រូពេទ្យអាមេរិកកាំង នៅការិយាល័យអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ដែលមានរយៈពេល ១២ថ្ងៃ គឺចាប់ពីថ្ងៃទី ១២មិថុនា ដល់ថ្ងៃទី២៤មិថុនាឆ្នាំ២០២២ កុំបីខាន ព្រោះចំនួនមានកំណត់ គឺដៃសិប្បនិម្មិតមាន ១១០គូ និងជើងសិប្បនិម្មិតមានត្រឹម ៥០០គូ ប៉ុណ្ណោះ៕ ដោយ៖ឡុង សំបូរ