ខេត្តស្ទឹងត្រែង៖ ក្រុមការងារ នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងក្រុមការងារគម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ បានព្រលែងត្រីបបែលយក្ស ១ក្បាល មានទម្ងន់ ៣០០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិ នៃដងទន្លេមេគង្គវិញ ក្រោយការយកសំណាក និងការធ្វើ DNA នោះរួចមក។
មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ត្រីបបែលយក្សទឹកសាប ១ក្បាលនេះ ភេទញី មានទម្ងន់ ៣០០គីឡូក្រាម និងចាប់ពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៨សង់ទីម៉ែត្រ ,ពីក្បាលដល់គល់កន្ទុយ មានប្រវែង ២២០សង់ទីម៉ែត្រ និងទទឹងដងខ្លួនមានប្រវែង ២២០សង់ទីម៉ែត្រ។ លោកបន្តថា ត្រីបបែលយកទឹកសាប ១ក្បាលនេះ ត្រូវបានក្រុមការងារ នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងក្រុមការងារគម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ បានធ្វើការព្រលែងចូលទៅក្នុងផ្ទៃទឹកធម្មជាតិ នៃដងទន្លេមេគង្គវិញហើយ បន្ទាប់ពីក្រុមការងារ បានកឹបស្លាកលេខ យកសំណាកធ្វើ DNA និងការបង្កប់កាមេរ៉ា ដើម្បីបានដឹងពីការធ្វើដំណើរក្នុងទឹករបស់ត្រីបបែលយក្សទឹកសាប ១ក្បាលនេះរួច កាលពីថ្ងៃទី១៤មិថុនាឆ្នាំ២០២២ ម្សិលមិញនោះ។
មន្ត្រីដដែលបានបញ្ជាក់ថា ត្រីបបែលយក្សទឹកសាប ១ក្បាល ដែលមានទម្ងន់ ៣០០គីឡូក្រាមនេះ ត្រូវបានប្រជានេសាទចាប់បាន កាលពីម៉ោង ៤ល្ងាច ថ្ងៃទី១៣មិថុនាឆ្នាំ២០២២ នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក។ លោកថា ក្រោយការចាប់បានហើយ ប្រជានេសាទរូបនោះ បានឲ្យដំណឹងទៅប្រធានសហគមន៍នេសាទ ហើយប្រធានសហគមន៍នេសាទ ក៏បានរាយការណ៍បន្តទៅឲ្យខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា ការលែងត្រីបបែលយក្សទឹកសាប១ក្បាល កាលពីថ្ងៃ១៤មិថុនាម្សិលមិញនោះ បានធ្វើឡើងដោយមានការចូលរួម ពីមន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ ក្រុមការងារគម្រោងអច្ឆរិយៈនៃទន្លេមេគង្គ អាជាធរឃុំកោះព្រះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះព្រះ និងសហគមន៍នេសាទភូមិកោះព្រះ ផងដែរ។
សូមជម្រាបថា ការចាប់បានត្រីបបែលយក្សទឹកសាប នេះជាលើកទី៣ហើយ ដែលប្រជានេសាទ បានធ្វើការនេសាទបាន និងបានប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផលស្ទឹងត្រែង ហើយត្រីបបែលយក្សទឹកសាបទាំង ៣ក្បាល ក៏ត្រូវបានធ្វើការព្រលែងចូលទៅក្នុងទឹកធម្មជាតិ នៃដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង វិញហើយដែរ៕ ដោយ៖ឡុង សំបូរ