ខេត្តព្រះវិហារ៖ នៅក្នុងរបាយការណ៍របស់ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី១៦ មិថុនា ម្សិលមិញ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ បានចាក់វ៉ាក់សាំង ដូសជំរុញទី៣ ,ដូសទី៤ និងដូសទី៥ មានចំនួនជាង ១៧ម៉ឺននាក់។
ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានបន្តដឹកនាំក្រុមការងារ មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទីតាំងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេស ដូសជំរុញ នៅតែមានសារៈសំខាន់បំផុត ចំពោះប្រជាពលរដ្ឋកម្ពុជា បើទោះបីបច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពធូរស្រាលយ៉ាងណាក្តី។
លោកស្រីវេជ្ជបណ្ឌិត បានថ្លែង ក្រើនរម្លឹកជាថ្មីដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារទាំងអស់ ឱ្យរួសរាន់នាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងឲ្យបានគ្រប់ចំនួនដូស ទៅតាមការកំណត់របស់គ្រូពេទ្យ នៅក្នុងមូលដ្ឋានរបស់ ផងខ្លួន។
អាជីវករលក់ដូរក្នុងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ បានលើកឡើងថា ការស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងដូសជំរុញ ទាំងពេលកន្លងទៅ និងនៅក្នុងពេលនេះ គឺដើម្បីការពារកុំឲ្យឆ្លងជំងកូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជា ពិសេស ខេត្តព្រះវិហារ មានការបិទខ្ទប់ដូចឆ្នាំកន្លងទៅទៀតនោះទេ។ អាជីវករបានបញ្ជាក់ថា បន្ទាប់ពីបានចាក់វ៉ាក់សាំង ដូសជំរុញរួច ពួកគាត់មានសុខភាពជាធម្មតានោះទេ។
សូមបញ្ជាក់ថា យោងរបាយការណ៍របស់ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ បានមកទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញទី៣ មានចំនួនជាង ១៣ម៉ឺននាក់ ,ដូសទី៤ ជាង ៣ម៉ឺននាក់ និងដូសទី៥ បានជាង ១ម៉ឺននាក់ រួចមកហើយ៕ ដោយ៖ឡុង សំបូរ