ខេត្តព្រះវិហារ៖ អភិបាលខេត្ត និងជាប្រធានកិត្តិយស គណៈកម្មាធិការសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងរកការជំរុញបែបនេះ ក្នុងពេលដែលលោក បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី១៥ឆ្នាំ «ទិវាសមាគមអតីតយុទ្ធជនកម្ពុជា» កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ដែលជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានថ្លែងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងបានគិតគូ និងយកចិត្តទុកដាក់ខ្ពស់បំផុត អំពីសុខទុក្ខ និងជីវភាពរបស់នៅរបស់អតីតយុទ្ធជនកម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ដើម្បីបម្រើបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ក៏តែងបានយកចិត្តទុកដាក់ថែរក្សា ដល់អតីតយុទ្ធជន នៅក្នុងរយៈកាលច្រើនឆ្នាំកន្លងទៅនេះ ដូចជា ការផ្ដល់ដីលំនៅដ្ឋាន ការសាងសង់ផ្ទះ និងការផ្ដល់ជាស្បឿងអាហាដល់ពួកគាត់ ដែលជាអតីតយុទ្ធជនកម្ពុជា ផងដែរ។
អភិបាលខេត្ត និងជាប្រធានកិត្តិយស គណៈកម្មាធិការសសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករឭកជាពន់ពេក មកដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់គ្រួសារ អតីតយុទ្ធជន និងសម្តេច ក៏បានជូនពរ ឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ មានសុខភាពល្អ រស់នៅសុខដុមរមនា ក្រោមដំបូលម្លប់នៃសន្តិភាព ជារៀងរហូតទៅ។
លោក ប្រាក់ សុវណ្ណ បានបញ្ជាក់ថា នៅក្នុងឱកាសខួបលើកទី១៥ឆ្នាំ «ទិវាសមាគមអតីតយុទ្ធជនកម្ពុជា» នេះ សម្ដេចតេជោ បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ សូមបន្តរក្សាស្មារតី វីរៈភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិ មាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ នៅក្នុងសង្គមជាតិ។
លោក ប្រាក់ សុវណ្ណ បានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅទូទាំងប្រទេស ពិតជាចងចាំជានិច្ច នូវកាលះបង់សាច់ស្រស់ ឈាមស្រស់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់ៗរូប ដើម្បីជាតិ មាតុភូមិ ជាទីស្នេហានៃយើង។
អភិបាលខេត្ត និងជាប្រធានកិត្តិយស គណៈកម្មាធិការសសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែង ជំរុញដល់អង្គភាព មន្ទីរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណារួមគ្នាយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងអនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះកិច្ចការងារអតីតយុទ្ធជនកម្ពុជា៕ដោយ៖ឡុង សំបូរ